ត្រជាក់ទាំងកាយ សប្បាយទាំងអារម្មណ៍ សម្រាប់អ្នកគាំទ្រចូលទស្សនាផ្ទាល់ ការប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» Techo League រដូវកាលទី៣ ឆ្នាំ២០២៥-២៦ ក្នុងសាលវិមាន ពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនោះ សារព័ត៌មានត្រយង ទទួលសិទ្ធផ្សាយផ្ទាល់ ការប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» Techo League រដូវកាលទី៣ ឆ្នាំ២០២៥-២៦ ដែលត្រៀមអង្រួនចិត្តអ្នកគាំទ្រជាថ្មីនៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាលទី៣ ឆ្នាំ២០២៥-២៦ មាន៨ក្រុមធំៗចូលរួម ដែលនឹងជំរុញការប្រកួតនៅលើទីលានកាន់តែរន្ថើន រួមមានការបង្កើតប្រាក់រង្វាន់ក្រុមលេខ១ ជុំទី១ និងជុំទី២ និងការបើកឱ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ជាដើម។
សមសភាព ៨ក្រុមធំៗចូលរួមមាន៖
- ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
- សមាគមកីឡាបាល់ទះវិសាខា
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
- ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង
- ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
- ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង
- ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ។

ការប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» រដូវកាលទី៣នេះ នឹងចែកចេញជា ៣ដំណាក់កាល ជុំទី១ ក្លិបទាំង ៨ត្រូវប្រជែងគ្នា ដើម្បីរកក្លិប ៦ ដែលត្រូវឡើងជុំទី២ មានសិទ្ធផ្លាស់ប្ដូរកីឡាករថ្មី ៦រូបទៀត កំឡុងពេលសម្រាក ដើម្បីរៀបចំ និងពង្រឹងក្រុមឱ្យកាន់តែខ្លាំងមុនប្រកួតជុំទី២។ ជុំទី២ ក្លិប ៦ ត្រូវបន្តប្រជែងគ្នាកាលន់តែខ្លាំង ដើម្បីរកពិន្ទុឈរនៅចំណាត់ថ្នាក់ល្អដើម្បីកំណត់ចំណាត់ថ្នាក់។
ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាន់តែកក្រើកការប្រកួតនឹងត្រូវយកក្រុមឈរលេខ១ ជួបជាមួយក្រុមលេខ៤ ក្រុមលេខ២ ជួបជាមួយក្រុមលេខ៣ ក្រុមចាញ់ត្រូវជួបគ្នាដណ្ដើមលេខ៣ ខណ:ក្រុមឈ្នះនឹងឡើងទៅដណ្ដើមជើងឯក។ លក្ខខណ្ឌនេះ ធ្វើឡើងដើម្បីជំរុញការប្រកួតប្រជែងកាន់តែខ្ពស់ និងរួមចំណែកលើកកម្ពស់គុណប្រយោជន៍សម្រាប់កីឡាករផង។
គួរបញ្ជាក់ថា ការប្រកួតសម្រាប់ជុំទី១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែឧសភា ល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ បន្តប្រកួតចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៨ ខែមិថុនា វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ប្រកួតថ្ងៃទី៤ ខែកក្កដា ខណ:វគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ វិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

