ក្នុងអំឡុងដើមអាណត្តិទី ២ នៃរដ្ឋបាលលោក ដូណាល់ ត្រាំ គោលនយោបាយ “America First” បានធ្វើឱ្យសន្ទុះនៃការបញ្ជាទិញយន្តហោះ Boeing អាមេរិកបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅទូទាំងពិភពលោក។ ក្នុងនោះ ចំណុចដែលធ្វើឱ្យមានការភ្ញាក់ផ្អើលបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺការឈានជើងចូលមកដល់ទីផ្សារអាមេរិកជាលើកដំបូងក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីសំណាក់ប្រទេសកម្ពុជានៅដើមឆ្នាំ ២០២៦។
ក្នុងអាណត្តិទី ២ នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសធំៗ។ តាមរយៈការប្រើប្រាស់ឥទ្ធិពលខាងការទូត និងសេដ្ឋកិច្ច លោកបានជម្រុញឱ្យបណ្ដាប្រទេសជាដៃគូពិចារណាឡើងវិញលើការបញ្ជាទិញទំនិញផលិតនៅអាមេរិក (Made in USA) ដែលជាកត្តាធ្វើឱ្យក្រុមហ៊ុន Boeing ទទួលបានកិច្ចសន្យាខ្នាតយក្សជាបន្តបន្ទាប់។
ដោយឡែកសម្រាប់កម្ពុជា នៅដើមខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាប្រវត្តិសាស្ត្រក្នុងការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ចំនួន ២០ គ្រឿង ក្នុងទំហំទឹកប្រាក់រហូតដល់ ៣ ពាន់លានដុល្លារអាមេរិក និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣១។ នេះគឺជាជំហានដ៏ធំមួយក្នុងការធ្វើទំនើបកម្មវិស័យអាកាសចរណ៍ជាតិ ដើម្បីត្រៀមខ្លួនសម្រាប់ប្រតិបត្តិការពេញលេញនៃព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។
ក្រោមគោលនយោបាយជម្រុញការនាំចេញរបស់រដ្ឋបាលលោក ត្រាំ ទីផ្សារ Boeing បានរីកដុះដាលយ៉ាងខ្លាំង។ ជាក់ស្ដែងប្រទេសចិន បានព្រមព្រៀងបញ្ជាទិញយន្តហោះចំនួន ២០០ គ្រឿង នៅពីពាក់កណ្ដាលខែឧសភា ២០២៦។ ក្រៅពីនោះឥណ្ឌា និងមជ្ឈិមបូព៌ា ក៏បានបន្តចុះកិច្ចព្រមព្រៀងទិញយន្តហោះរាប់រយគ្រឿងបន្ថែមទៀត ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន។ បើគិតចាប់ពីឆ្នាំ ២០២៥ មក Boeing បានចែកចាយយន្តហោះដល់អតិថិជនជិត ៨០០ គ្រឿងរួចជាស្រេច ដែលធ្វើឱ្យក្រុមហ៊ុននេះនាំមុខគូប្រជែង Airbus លើផ្នែកចំនួនបញ្ជាទិញថ្មី។
គួររំលឹកថា ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ គិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ យន្តហោះ Boeing សរុប ៣១២គ្រឿង ត្រូវបានបញ្ជាទិញដោយប្រទេសពីរ។ នៅឆ្នាំ២០១៧ ប្រទេស ចិន បានបញ្ជាទិញយន្តហោះ Boeing ចំនួន ៣០០គ្រឿង។ បន្ថែមពីនេះ នៅឆ្នាំ២០១៨ ប្រទេស ទ្រីនីដាដ និងតូបាហ្គោ តាមរយៈអាកាសចរណ៍ Caribbean Airlines បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX 8 ចំនួន ១២គ្រឿង។
សូមជម្រាបថា ការសម្រេចចិត្តជ្រើសរើសយកយន្តហោះអាមេរិក កម្ពុជាមិនត្រឹមតែបង្ហាញពីការពង្រីកវិសាលភាពហោះហើររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសញ្ញានៃការរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្របតាមបរិបទនៃនយោបាយពាណិជ្ជកម្មថ្មីរបស់លោក ដូណាល់ ត្រាំ។ ការវិនិយោគ ៣ ពាន់លានដុល្លារនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការតភ្ជាប់ជើងហោះហើរពីកម្ពុជា ទៅកាន់ពិភពលោកនាពេលខាងមុខ៕
