ភូកេត៖ ភាពមិនប្រក្រតី និងការកេងប្រវ័ញ្ចពីសំណាក់មន្ត្រីរដ្ឋថៃ បានក្លាយជាចំណុចក្ដៅគគុក បន្ទាប់ពីម្ចាស់អាជីវកម្ម និងបុគ្គលិកកម្សាន្តរាប់រយនាក់នៅតំបន់ឆ្នេរ Patong បានប្រមូលផ្ដុំគ្នាជេរប្រមាថ និងតវ៉ាយ៉ាងខ្លាំងកាលពីថ្ងៃទី១៣ ខែឧសភា ប្រឆាំងនឹងអំពើពុករលួយដែលកំពុងស៊ីរុករានសេដ្ឋកិច្ចមូលដ្ឋាន។

ក្រោមកិច្ចដឹកនាំរបស់ប្រធានសមាគមនៅតំបន់ Patong ក្រុមអ្នកតវ៉ាបានលើកបដាដែលមានខ្លឹមសាររិះគន់ចំៗទៅកាន់មន្ត្រីរដ្ឋាភិបាលថៃ ថាជាក្រុម «ឃ្លានលុយ» កំពុងធ្វើបាបប្រជាជនខ្លួនឯង។ ក្រុមអ្នកតវ៉ាបានទទូចសុំអន្តរាគមន៍ជាបន្ទាន់ពីលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលបាននឹងកំពុងបំពេញទស្សនកិច្ចនៅភូកេត ដើម្បីឱ្យជួយសម្អាតមន្ត្រីខិលខូចដែលតែងតែប្រើអំណាចជម្រិតទាររកផលប្រយោជន៍ពីម្ចាស់អាជីវកម្មពេលរាត្រី។

ម្ចាស់អាជីវកម្មម្នាក់បានរិះគន់រដ្ឋាភិបាលយ៉ាងចាស់ដៃ ចំពោះការអនុវត្តច្បាប់បែងចែកតំបន់ (Zoning) ដែលគ្មានតម្លាភាព។ តំបន់ខ្លះបានក្លាយជាមជ្ឈមណ្ឌលកម្សាន្តដ៏ពេញនិយមជាង ៣០ឆ្នាំមកហើយ ប៉ុន្តែរដ្ឋនៅតែរារាំងមិនបញ្ចូលទៅក្នុងបញ្ជីអនុញ្ញាតអាជ្ញាបណ្ណស្របច្បាប់ឡើយ។ ការប្រើវិធានការគំរាមបិទអាជីវកម្មទាំងនេះ មិនត្រឹមតែជាការសម្លាប់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវានឹងរុញច្រានឱ្យវិស័យទេសចរណ៍នៅតំបន់ Patong ទាំងមូលឈានទៅរកការដួលរលំ។

ក្រៅពីបញ្ហាអាជ្ញាបណ្ណ ក្រុមម្ចាស់បារជិត ១០០នាក់ផ្សេងទៀត ក៏បានតវ៉ាប្រឆាំងនឹងការរឹតត្បិតម៉ោងលក់គ្រឿងស្រវឹងផងដែរ។ ពួកគេបានដាក់សំណួរដេញដោលថា ហេតុអ្វីបានជាតំបន់ទេសចរណ៍លំដាប់ពិភពលោកដូចជា ភូកេត និងប៉ាតាយ៉ា មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការដល់ម៉ោង ៤ភ្លឺ ឱ្យបានពេញលេញ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ? ទង្វើនេះហាក់ផ្ទុយស្រឡះពីការអួតអាងរបស់រដ្ឋាភិបាល ដែលថាចង់ស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
បើតាមអ្នកតាមដានស្ថានការណ៍បានលើកឡើងថា ព្រឹត្តិការណ៍នេះបានលាតត្រដាងនូវ «ដំបៅមហារីក» ដ៏រ៉ាំរ៉ៃនៅក្នុងប្រព័ន្ធរដ្ឋបាលថៃ។ មន្ត្រីថ្នាក់ក្រោមបានប្រើប្រាស់ចន្លោះប្រហោងនៃច្បាប់ និងភាពយឺតយ៉ាវនៃប្រព័ន្ធរដ្ឋបាល បង្កើតជាឧបករណ៍ជម្រិតទារលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។ ប្រសិនបើគ្មានការវះកាត់មន្ត្រីខូចទាំងនេះចេញទេ វានឹងក្លាយជាថ្នាំពុលសម្លាប់វិស័យទេសចរណ៍របស់ខ្លួនឯងបន្តិចម្ដងៗជាមិនខាន៕

