ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលយ៉ាងដាច់ខាត ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានថៃមួយចំនួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានភស្តុតាងណាមួយឡើយ និងជាព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងបង្កហានិភ័យដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់។ ដែលមានចេតនាបំភាន់សាធារណមតិ និងបង្កភាពតានតឹងនៅតាមបណ្តោយព្រំដែន។

ក្រសួងការពារជាតិ បន្តថា ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់កម្ពុជា បានផ្ញើលិខិតតវ៉ាទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai រួចហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។

ជាមួយគ្នានេះ កម្ពុជា ក៏បានលើកឡើងអំពីករណីភាគីថៃ បំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន HOM AOT ចុះសង្កេតការណ៍នៅតំបន់ ដោយមិនបានជូនដំណឹងមកភាគីកម្ពុជាជាមុន។

ក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

Share.