កាលពីសប្តាហ៍មុន រូបភាពផ្ទាល់ព្រះអង្គរបស់សម្តេចព្រះរាជាធិបតី ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ក្នុងពិធីបញ្ចប់ការសិក្សារបស់ព្រះរាជបុត្រីពៅគឺ «ព្រះនាង Ameerah» ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម។ កាលពីដំបូង មហាជនមានការងឿងឆ្ងល់ និងស្មានថាជារូបភាពកាត់ត ព្រោះព្រះអង្គទ្រង់គ្រងព្រះពស្ត្របែបធម្មតាបំផុត (សាមញ្ញខ្លាំង)។

ប៉ុន្តែបន្ទាប់មក នៅពេលដែលមានរូបភាពផ្សេងៗទៀតត្រូវបានបញ្ចេញបន្ថែម ទើបធ្វើឱ្យមហាជនចាប់ផ្តើមសម្តែងការកោតសរសើរចំពោះភាពសាមញ្ញ មិនឆើតឆាយរបស់ព្រះអង្គ បើទោះបីជាព្រះអង្គគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិមហាសាលបំផុតនៅលើពិភពលោកក៏ដោយ។ព្រះនាង Ameerah គឺជាព្រះរាជបុត្រីពៅ លំដាប់ទី ១២ នៃរាជវង្សបុលគីយ៉ាស់ (Bolkiah) ក្នុងព្រះជន្ម ១៨ វស្សា។

ព្រះនាងបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យពីសាលាអន្តរជាតិ Jerudong ក្នុងរដ្ឋធានីនៃប្រទេសព្រុយណេ។ ព្រះនាងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនាមជាសមាជិករាជវង្សដែលមានរូបសម្រស់ស្រស់សោភា និងមានបញ្ញាឆ្លាតវៃខ្ពង់ខ្ពស់ ជាពិសេសផ្នែកគណិតវិទ្យា ដែលព្រះនាងធ្លាប់ដណ្តើមបានជ័យលាភីក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោកមកហើយ។

ព្រះនាងគឺជាសិស្សឆ្នើមលំដាប់កំពូលប្រចាំថ្នាក់ ដោយកាលពីឆ្នាំមុន ព្រះនាងទទួលបានពិន្ទុខ្ពស់បំផុតរហូតដល់ទៅ ៨ មុខវិជ្ជា ក្នុងការប្រឡងវាស់ស្ទង់សមត្ថភាពកម្រិតមធ្យមសិក្សានៅទូទាំងប្រទេស។ តាមរយៈលទ្ធផលសិក្សាយ៉ាងល្អប្រសើរនេះ ធ្វើឱ្យមជ្ឈដ្ឋានជាច្រើនកំពុងតាមដានមើលថា តើព្រះនាងនឹងជ្រើសរើសបន្តការសិក្សាលើជំនាញអ្វី និងនៅគ្រឹះស្ថានសិក្សាលំដាប់ពិភពណាមួយ?នៅក្នុងពិធីបញ្ចប់ការសិក្សានោះ ក្រៅពីព្រះវររាជបិតាដែលបានយាងចូលរួមហើយ ក៏មានព្រះញាតិវង្សជាច្រើនអង្គទៀតបានយាងមកចូលរួមអបអរសាទរចំពោះ «ព្រះនាងតូច» អង្គនេះផងដែរ រួមទាំង ព្រះអង្គម្ចាស់ Abdul Mateen ដែលត្រូវជាព្រះរាម (បងប្រុស) មាតាផ្សេងគ្នាផងដែរ៕

