សៀមរាប៖ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្ដែងការកោតសរសើរ ចំពោះការផ្តល់សេវាធ្វើសំបុត្រកំណើតយ៉ាងឆាប់រហ័ស នៅរដ្ឋបាលឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការផ្ទុះការចាប់អារម្មណ៍នេះ កើតឡើងបន្ទាប់ពីមានសមាជិកក្រុមប្រឹក្សាឃុំ ឈ្មោះ ឈន គុជ ស៊ាក់ បានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីកាលពីពេលថ្មីនេះ ដោយបញ្ជាក់ថា ការធ្វើសំបុត្រកំណើតនៅឃុំកំពង់ភ្លុក ប្រើពេលត្រឹម១៥នាទី ឬយូរបំផុតមួយម៉ោងប៉ុណ្ណោះ អាស្រ័យលើស្ថានភាពការងារជាក់ស្តែងរបស់មន្ត្រីអត្រានុកូលដ្ឋាន និងវត្តមានមេឃុំនៅសាលាឃុំ។ លោកក៏បានបញ្ជាក់ថា រដ្ឋបាលឃុំមានទាំងធនធានមនុស្ស និងសម្ភារៈគ្រប់គ្រាន់ សម្រាប់បំពេញសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព។


តាមរយៈការបង្ហោះរូបភាពភ្ជាប់ជាមួយឯកសារ និងសកម្មភាពការងារផ្ទាល់ បានធ្វើឱ្យមហាជនជាច្រើនបង្ហាញការគាំទ្រ និងចាត់ទុកថា នេះជាគំរូល្អនៃការផ្តល់សេវាសាធារណៈ ដែលគួរឱ្យរដ្ឋបាលឃុំ-សង្កាត់ផ្សេងៗ យកទៅអនុវត្តតាម ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕
ប្រភព÷ ហ្វេសបុកឈន គុជ ស៊ាក់

