នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសបច្ចេកវិទ្យា ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ។

តាមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ គឺជា អាទិភាពជាតិសំខាន់បំផុត ដើម្បីការពារសន្តិសុខសង្គម ការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងថែរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា នៅលើ ឆាកអន្តរជាតិ។

ការឆបោកតាមប្រព័ន្ធអនឡាញ និងអំពើឆបោកតាមបច្ចេកវិទ្យា គឺជាបទល្មើសឆ្លងដែនដ៏ស្មុគស្មាញ ដែល កំពុងប៉ះពាល់ដល់ប្រទេសជាច្រើនទូទាំងពិភពលោក។ កម្ពុជា មិនមែនជាប្រភពនៃសកម្មភាពឧក្រិដ្ឋកម្មទាំង នេះទេ ប៉ុន្តែជាប្រទេសមួយដែលកំពុងប្រឈមមុខ និងប្រយុទ្ធយ៉ាងសកម្មប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មអន្ដរជាតិ ដែលប្រតិបត្តិការឆ្លងកាត់ព្រំដែន។

ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយមិនអត់ឱនឱ្យជាដាច់ខាត និងបានដាក់ចេញយុទ្ធនាការទូទាំង ប្រទេស ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្ម បំបាត់សមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទបណ្ដាញ ប្រតិបត្តិការខុសច្បាប់។

ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា៖

-បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធអនឡាញជាង ២៥០ ករណីទូទាំងប្រទេស
-បានបិទទីតាំងពាក់ព័ន្ធកាស៊ីណូចំនួន ៩១ កន្លែង ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់
-បានបញ្ជូនសំណុំរឿងចំនួន ១១២ ករណីទៅតុលាការ ដែលពាក់ព័ន្ធនឹងជនសង្ស័យប្រមាណ១,០៨៩ នាក់ មានសញ្ញាតិផ្សេងៗគ្នា
-បានបណ្តេញជនបរទេសចំនួន ១៣,០៣៩ នាក់ មាន ៣៣ សញ្ញាតិ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោក តាមប្រព័ន្ធអនឡាញ
-បានពង្រឹងកិច្ចសហប្រតិបត្តិការលើប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងស្ថាប័នអនុវត្តច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រឹងក្របខណ្ឌច្បាប់ និងស្ថាប័ន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា
តាមរយៈ៖

-ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ
-សេចក្តីណែនាំស្តីពីយុទ្ធនាការលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញ
-អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ យន្តការអន្តរក្រសួងពាក់ព័ន្ធនឹងនីតិវិធីអនុវត្ត និងការដាក់ទណ្ឌកម្ម។

ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ បានកំណត់បទល្មើសថ្មី និងការដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹង ចំពោះអំពើឆបោកតាមបច្ចេកវិទ្យា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ការជ្រើសរើស និង បណ្តុះបណ្តាលសម្រាប់ប្រតិបត្តិការឆបោក ការប្រមូលព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដោយខុសច្បាប់ និង សកម្មភាពលាងលុយកខ្វក់ដែលពាក់ព័ន្ធ។ ការផ្តន្ទាទោសអាចមានទណ្ឌកម្មធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារ អស់មួយជីវិត ពិន័យជាប្រាក់យ៉ាងច្រើន និងការរឹបអូសទ្រព្យសម្បត្តិ។

កម្ពុជា ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ អង្គការអន្តរជាតិ និងយន្តការពហុភាគីពាក់ព័ន្ធ ក្នុងការស៊ើបអង្កេត បង្ក្រាប បញ្ជូនជនសង្ស័យ ការជួយសង្គ្រោះជនរងគ្រោះ និងការផ្លាស់ប្តូរព័ត៌មាន និង ជំនាញបច្ចេកទេសពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មតាមអនឡាញ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាថ្មីនូវបទបញ្ហាដ៏តឹងរ៉ឹងបំផុត ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តពង្រឹងវិធានការអនុវត្តច្បាប់ដោយ ” មិនអត់ឱន មិនបន្ធូរបន្ថយ និងគ្មានករណីលើកលែង”។ វិធានការជាក់ស្តែង និងលទ្ធផលសំខាន់ៗទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ – ឆន្ទៈនយោបាយ និងការបន្តខិតខំរបស់កម្ពុជា ក្នុងការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ និង ពង្រឹងនីតិរដ្ឋ។

ស្ថានទូតព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការយល់ដឹងប្រកបដោយតុល្យភាព សត្យានុម័ត និង ផ្អែកលើភស្តុតាង ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាក់ស្ដែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ប្រឈមជាសកលទាំងនេះ។ កម្ពុជា នៅតែបន្តប្ដេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយជប៉ុន និងសហគមន៍អន្តរជាតិ ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីផលប្រយោជន៍សន្តិសុខតំបន់ និងអន្តរជាតិ៕

Share.