ប្រទេសគុយបា លែងមានប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈប្រើប្រាស់ទាំងស្រុងហើយ បន្ទាប់ពីប្រឈមមុខនឹងការបិទខ្ទប់ពីសំណាក់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការខ្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមការថ្លែងរបស់លោក វ៉ាំងសង់តេ ដឺឡាអូ (Vicente de la O) រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ។

លោក ដឺឡាអូ បានបញ្ជាក់ថា៖ «យើងមិនមានប្រេងឥន្ធនៈ និងគ្មានប្រេងម៉ាស៊ូតទាល់តែសោះ» ព្រមទាំងបន្ថែមថា ប្រព័ន្ធអគ្គិសនីជាតិស្ថិតក្នុងស្ថានភាពវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារ «យើងមិនមានប្រភពបម្រុងទុកឡើយ»

រដ្ឋមន្ត្រីរូបនេះបានបន្តថា ករណីដាច់ចរន្តអគ្គិសនីបានកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ និងសប្តាហ៍កន្លងទៅ នៅទូទាំងទីក្រុងឡាហាវ៉ាន (Havana) ដែលជាទីក្រុងធំ។ តំបន់ជាច្រើនមិនមានអគ្គិសនីប្រើប្រាស់ពី ២០ ទៅ ២២ ម៉ោងក្នុងមួយថ្ងៃ ដែលវាកាន់តែបង្កើនភាពតានតឹងនៅក្នុងទីក្រុង ដែលកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារ និងថ្នាំសង្កត់រួចស្រាប់ទៅហើយ។ លោកបានឱ្យដឹងថា បច្ចុប្បន្នប្រព័ន្ធអគ្គិសនីជាតិកំពុងដំណើរការដោយពឹងផ្អែកទាំងស្រុងលើប្រេងឆៅក្នុងស្រុក ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ។

ទោះបីជាគុយបាបានដំឡើងរោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ១,៣០០ មេហ្គាវ៉ាត់ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែសមត្ថភាពផលិតភាគច្រើនត្រូវបានបាត់បង់ ដោយសារអស្ថិរភាពនៃប្រព័ន្ធបញ្ជូនអគ្គិសនី ចំពេលមានការខ្វះខាតប្រេងឥន្ធនៈ ដែលធ្វើឱ្យប្រសិទ្ធភាព និងផលិផលធ្លាក់ចុះ។

គុយបានៅតែបន្តការចរចាដើម្បីនាំចូលប្រេង ទោះបីជាមានការបិទខ្ទប់ពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែលោកបានលើកឡើងថា តម្លៃប្រេងពិភពលោក និងតម្លៃដឹកជញ្ជូនដែលហក់ឡើងខ្ពស់ ចំពេលមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនេះកាន់តែស្មុគស្មាញ។ «គុយបាបើកចំហចំពោះអ្នកទាំងឡាយណាដែលចង់លក់ប្រេងឱ្យយើង» នេះជាសម្ដីរបស់រដ្ឋមន្ត្រី។

ទាំងប្រទេសម៉ិកស៊ិក និងវេណេស៊ុយអេឡា ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់គុយបា មិនបានបញ្ជូនប្រេងទៅកាន់កោះនេះទៀតទេ ចាប់តាំងពីមានបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ កាលពីខែមករា ឆ្នាំ២០២៦ ដែលបានគំរាមកំហែងយកពន្ធគយលើប្រទេសណាដែលបញ្ជូនប្រេងទៅឱ្យគុយបា។

ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក មានតែនាវាដឹកប្រេងខ្នាតយក្សមួយគ្រឿងគត់ គឺនាវា Anatoly Kolodkin ដែលមានដោតទង់ជាតិរុស្ស៊ី បានបញ្ជូនប្រេងឆៅទៅកាន់គុយបា ដែលបានជួយសម្រាលទុក្ខលំបាកបានមួយរយៈខ្លីក្នុងខែមេសា។

ការបិទខ្ទប់ការនាំចូលប្រេងរបស់សហរដ្ឋអាមេរិកមកកាន់គុយបា បានឈានចូលដល់ខែទី៤ ហើយ ដែលវាបានជះឥទ្ធិពលដល់សេវាសាធារណៈទូទាំងប្រទេសគុយបា ដែលមានប្រជាជនជិត ១០ លាននាក់។ កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការបិទខ្ទប់ការដឹកជញ្ជូនប្រេងរបស់លោក ត្រាំ គឺជាទង្វើខុសច្បាប់ ដោយលើកឡើងថា វាជាការរារាំង «សិទ្ធិក្នុងការអភិវឌ្ឍរបស់ប្រជាជនគុយបា ក្នុងពេលជាមួយគ្នានោះ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេក្នុងផ្នែកស្បៀងអាហារ ការអប់រំ សុខភាព ទឹកស្អាត និងអនាម័យ» ផងដែរ៕

Share.