ព្រះវិហារ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្របសម្រួលជូនប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ចុះពិនិត្យស្ថានភាពព្រំដែននៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។




ដំណើរចុះសង្កេតការណ៍នេះ មានគោលបំណងតាមដាន និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងវាយតម្លៃការវិវឌ្ឍន៍ថ្មីៗ ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់ឱ្យបានមានប្រសិទ្ធភាព និងតម្លាភាព។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាផ្នែកសំខាន់ក្នុងការពង្រឹងការជឿទុកចិត្តគ្នារវាងភាគីពាក់ព័ន្ធ និងជំរុញឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។




ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ ដើម្បីធានាសន្តិសុខ និងសុខសាន្តរបស់ប្រជាពលរដ្ឋតាមព្រំដែនប្រទេសទាំងពីរ។សេចក្តីរាយការណ៍នេះធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦៕




