ដើម្បីលើកកម្ពស់សិល្បៈទស្សនីយភាពជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការស្ដីពីការរៀបចំ “មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦” ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ចង្កឹះមួយបាច់»។
ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយ និងអភិរក្សតម្លៃសិល្បៈល្ខោននិយាយឱ្យមានសកម្មភាពរស់រវើកឡើងវិញ ព្រមទាំងផ្ដល់ឱកាសដល់សិល្បករមហាជនបានបង្ហាញសក្ដានុពល និងទេពកោសល្យរបស់ខ្លួនដល់សាធារណជន។
យោងតាមសេចក្ដីជូនដំណឹង មហោស្រពនេះនឹងបែងចែកជាពីរដំណាក់កាលសំខាន់ៗ រួមមាន៖
១. វិញ្ញាសានិងវគ្គជម្រុះ៖
រាល់ក្រុមល្ខោនដែលចូលរួមត្រូវផលិតវីដេអូនៃការសម្ដែងរបស់ខ្លួនដែលមានរយៈពេលពី ១៥ ទៅ ៣០ នាទី រួចផ្ញើមកកាន់គណៈកម្មការដើម្បីធ្វើការវាយតម្លៃ។ ការសម្ដែងត្រូវតែស្របតាមប្រធានបទ «ចង្កឹះមួយបាច់» ហើយមិនត្រូវយកវីដេអូដែលធ្លាប់បានផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយណាមួយពីមុនមកដាក់ចូលរួមប្រកួតឡើយ។
២. វគ្គផ្ដាច់ព្រ័ត្រ៖
ក្រុមដែលត្រូវបានជ្រើសរើសពីវគ្គជម្រុះ នឹងត្រូវឡើងមកសម្ដែងផ្ទាល់នៅលើឆាកក្នុងរាជធានីភ្នំពេញ ដែលមានរយៈពេលសម្តែងចន្លោះពី ៣០ ទៅ ៦០ នាទី។ ព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
យ៉ាងណាមិញក្រសួងនឹងផ្ដល់ជូននូវរង្វាន់លើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ដល់ក្រុមជ័យលាភី រួមមាន៖
ជ័យលាភីលេខ១៖ ទទួលបានពានមាស ១, ប្រកាសនីយបត្រ និងប្រាក់រង្វាន់។
ជ័យលាភីលេខ២៖ ទទួលបានពានប្រាក់ ១, ប្រកាសនីយបត្រ និងប្រាក់រង្វាន់។
ជ័យលាភីលេខ៣៖ ទទួលបានពានសំរឹទ្ធ ១, ប្រកាសនីយបត្រ និងប្រាក់រង្វាន់។
សម្រាប់លក្ខខណ្ឌនិងការចុះឈ្មោះ សិល្បករ អង្គការ សមាគម និងសិល្បៈមហាជនទូទាំងប្រទេស ដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវបំពេញពាក្យសុំប្រកួត និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេបរបស់ប្រធានក្រុមចំនួន ០១ ច្បាប់។ កាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីជាកំហិត។
បេក្ខជនអាចដាក់ពាក្យតាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឬមកដាក់ដោយផ្ទាល់នៅ នាយកដ្ឋានសិល្បៈទស្សនីយភាព ដែលមានអាសយដ្ឋាន ផ្លូវលេខ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៩៧០ ៧៧៧ / ០១៧ ៨៨២ ៤៩៨ / ០៧១ ២៧៧ ៧១១ ២ ឬអ៊ីមែល [email protected]។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់បណ្ដាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិល្បករដែលមានជំនាញ ដើម្បីឱ្យពួកគាត់បានចូលរួមបង្ហាញសមត្ថភាពក្នុងមហោស្រពដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ៕

