កណ្តាល÷ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបន្តការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាស្ត្រីអាយុ ២៧ឆ្នាំ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់កុមារអាយុ ៥ឆ្នាំម្នាក់ នៅក្នុងខេត្តកណ្តាល។

ជនសង្ស័យរូបនេះ ត្រូវបានរាយការណ៍ថា ជាភរិយារបស់ជនសង្ស័យឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាពូសាច់ថ្លៃរបស់ជនរងគ្រោះ។ ដែលបានឃាត់ខ្លួនកាលពីមុន ពាក់ព័ន្ធនឹងករណីករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និង ចាប់ជំរិតបណ្ដាលឱ្យជនរងគ្រោះជាកុមារីអាយុ៥ឆ្នាំម្នាក់ បណ្តាលឱ្យស្លាប់ ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

តាមការបញ្ជាក់របស់សមត្ថកិច្ច ការឃាត់ខ្លួនជនសង្ស័យនេះ គឺជាលទ្ធផលនៃការសហការយ៉ាងជិតស្និទ្ធរវាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអង្គភាពជំនាញពាក់ព័ន្ធ ដោយបានពិនិត្យ និងវិភាគភស្តុតាងយ៉ាងល្អិតល្អន់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត តាមបទចោទពាក់ព័ន្ធនឹង «ចាប់ជំរិត និងឃាតកម្ម»។

អត្ថបទ៖ កណ្តាល

Share.