តាមក្រសួងការពារជាតិបានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ជនខុសច្បាប់រូបនេះ ត្រូវបានប្រគល់ជូនភាគីថៃវិញនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ តាមរយៈយន្តការសហប្រតិបត្តិការព្រំដែនកម្ពុជា-ថៃ (RBC)។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រគល់ខ្លួនត្រូវបានធ្វើឡើងនៅវេលាម៉ោង ១០:៥៩នាទី នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះគឺបន្ទាប់ពីភាគីថៃបានដាក់សំណើសុំសម្របសម្រួលតាមរយៈក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC កាលពីថ្ងៃទី១៣ ខែឧសភា។

បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមនីតិវិធីច្បាប់ លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤ កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនជនល្មើសទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ ប្រទេសថៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព។

Share.