ក្រោយអាម៉ាសដោយសារកូរ៉េខាងត្បូងហាមឃាត់ពលរដ្ឋមកពីខេត្តចំនួន៤ របស់ថៃ ចូលប្រទេស «ស៊ីហាសាក់» ព្រមានប្រជាពលរដ្ឋថៃត្រូវគោរពច្បាប់ កុំស្វែងរកល្បិចធ្វើការខុសច្បាប់ដោយប្រើប្រាស់ចន្លោះប្រហោងនៃទិដ្ឋាការ ដែលបំផ្លាញឱកាសរបស់មិត្តរួមជាតិ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ីហាសាក់ ពួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានមានប្រសាសន៍សាកសួរជុំវិញករណីដែលប្រទេសកូរ៉េខាងត្បូង បានប្រកាសហាមឃាត់ (Blacklist) ពលករថៃមកពីខេត្តចំនួន ៤ នៃតំបន់ឥសាន្ត រួមមាន៖ ខេត្តខនកែន (Khon Kaen), ឆៃយ៉ាភូមិ (Chaiyaphum), អ៊ូដនធានី (Udon Thani), និងមហាសារ៉ាខាម (Maha Sarakham) ដែលស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា MOU (E-8) មិនឱ្យទៅបម្រើការងារក្នុង វិស័យកសិកម្ម និង នេសាទឡើយ។
លោកបានបញ្ជាក់ថា យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ច្បាប់របស់គេគឺស្របច្បាប់របស់គេ ដែលយើងត្រូវតែគោរពចំពោះរយៈពេលដែលគេអនុញ្ញាតឱ្យស្នាក់នៅ។ ប្រសិនបើធ្វើដំណើរទៅក្រោមទិដ្ឋាការទេសចរណ៍ ក៏មិនគួរលួចទៅប្រកបមុខរបរការងារនោះឡើយ ព្រោះវាជាការល្មើសច្បាប់របស់ប្រទេសគេ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់ មិនថានឹងត្រូវធ្វើដំណើរទៅទីណាក៏ដោយ ត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌវិន័យ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន៕

