នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកម្លាំងអាជ្ញាធរក្រុងតាខ្មៅ បន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈជាលើកទី៥ ដោយចាប់ផ្ដើមចេញពីរង្វង់មូលព្រះនរាយណ៍ រហូតដល់ស្ពានថ្ម ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។



ក្នុងយុទ្ធនាការនេះ អាជ្ញាធរបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបអាជីវកម្មតាមសងខាងផ្លូវជាតិលេខ២១ និងផ្លូវលេខ១១៥ ត្រូវធ្វើការរុះរើជាបន្ទាន់នូវរាល់សំណង់សំយាប តូបលក់ដូរ និងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មនានា ដែលបានសង់លយមកលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈដោយគ្មានការលើកលែងឡើយ។

ឯកឧត្តម ណុប ដារ៉ា បានគូសបញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺមានគោលបំណងធំៗចំនួន ៣ រួមមាន៖ ១. លើកកម្ពស់សោភ័ណភាពក្រុងតាខ្មៅឱ្យស្រស់បំព្រង សាកសមជាទីក្រុងស្អាត មានបរិស្ថាន និងអនាម័យល្អ។ ២. បើកផ្លូវទូលាយសម្រាប់អ្នកថ្មើរជើង និងយានយន្ត ជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះ។ ៣. រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សកម្មភាពដ៏សកម្មរបស់អាជ្ញាធរនាពេលនេះ ទទួលបានការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកណ្តាលក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការដោយស្ម័គ្រចិត្ត និងសូមកុំត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញនៅពេលសមត្ថកិច្ចដកថយ។ ទៅថ្ងៃមុខ អាជ្ញាធរនឹងបន្តចុះតាមដាន និងត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការរៀបចំសណ្តាប់ធ្នាប់នេះ មានប្រសិទ្ធភាព និងមាននិរន្តរភាពយូរអង្វែង។

