ភ្នំពេញ៖ ក្រោយដាក់ឱ្យអនុវត្តអស់រយៈពេលជិត២ឆ្នាំ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ ក្រសួងបរិស្ថាន បានក្លាយជាចលនាជាតិដ៏មានឥទ្ធិពល ដោយទាក់ទាញការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជួយផ្លាស់ប្តូរឥរិយាបថសង្គម ឱ្យងាកមកស្រឡាញ់បរិស្ថាន និងទម្លាប់រស់នៅស្អាត។

គិតត្រឹមដើមឆ្នាំ២០២៦ មានប្រជាពលរដ្ឋជាង៧លាននាក់ បានចូលរួមសម្អាតបរិស្ថានតាមភូមិ ឃុំ សាលារៀន វត្តអារាម និងទីសាធារណៈនានា ខណៈសកម្មភាពរើសសំរាម និងសំណល់ប្លាស្ទិក ត្រូវបានអនុវត្តជាប្រចាំយ៉ាងតិច១ថ្ងៃក្នុងមួយសប្តាហ៍។យុទ្ធនាការនេះ បានជួយកាត់បន្ថយសំរាមរាយប៉ាយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពទីក្រុង ក៏ដូចជាតំបន់សហគមន៍នៅទូទាំងប្រទេស។




ជាពិសេស កម្មវិធី «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចសម្អាតផ្លូវជាតិគោលដៅបានជាង៩៤% ខណៈផ្លូវជាច្រើនមានភាពស្អាតពី៨០% ដល់១០០%។ ក្រៅពីការសម្អាតបរិស្ថាន យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏បានរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជំរុញការញែកសំរាមនៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាព តាមរយៈការផ្តល់ធុងសំរាមរាប់ពាន់កន្លែងពី ក្រសួងបរិស្ថាន។




សំរាម និងសំណល់ប្លាស្ទិកដែលប្រមូលបានមួយចំនួន ត្រូវបានយកទៅកែច្នៃជាសម្ភារៈប្រើប្រាស់ឡើងវិញ និងបង្កើតជាចំណូលសម្រាប់គាំទ្រការសិក្សារបស់សិស្ស-និស្សិតនៅតំបន់ជនបទ។
ការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើឱ្យយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្លាយជាវប្បធម៌ថ្មីមួយ ដែលបង្ហាញពីការរួមគ្នាថែរក្សាបរិស្ថាន និងកសាងកម្ពុជាឱ្យកាន់តែស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។








អត្ថបទ÷ត្រយងតូច
