ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចាប់ផ្តើមអនុវត្តគម្រោងដាំដើមឈើតាមបន្ទាត់ព្រំដែន ក្នុងតំបន់យោធភូមិភាគទី៥ ទិសទី៤ ឃុំថ្មដា ស្រុកវាលវែង ដើម្បីបង្កើតកម្របៃតង និងចូលរួមការពារបរិស្ថាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។




សកម្មភាពនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើន។




ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ក្នុងដំណាក់កាលដំបូង អាជ្ញាធរបានចាប់ផ្តើមដាំកូនឈើប្រភេទជ្រេស ចំនួន ៤,៥០០ដើម ដោយមានគោលបំណងប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាតំបន់បៃតង ស្រស់ស្អាត និងជួយថែរក្សាបរិស្ថាន។






ជាមួយគ្នានេះ ការដាំដើមឈើក៏ជាការបង្ហាញពីសាមគ្គីភាព និងការគាំទ្ររវាងរដ្ឋបាលស៊ីវិល និងកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីផងដែរ។រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងបន្តដាំដើមឈើជាបន្តបន្ទាប់ ដើម្បីបញ្ចប់ផែនការក្នុងអំឡុងឆ្នាំ២០២៦នេះ៕










អត្ថបទ÷ពោធិ៍សាត់
