នៅក្នុងរបត់ថ្មីមួយនៃទីផ្សារយានយន្តពាណិជ្ជកម្មនៅកម្ពុជា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់រុស្ស៊ី GAZ កំពុងសម្លឹងរកឱកាសទីផ្សារនៅកម្ពុជា តាមរយៈការដាក់តាំងបង្ហាញ និងបើកបរសាកល្បងរថយន្តដឹកទំនិញ និងរថយន្តក្រុងខ្នាតតូចស៊េរីថ្មី ចំនួន ៦ គ្រឿង ម៉ាក Gazelle និង Sobol កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ការបង្ហាញខ្លួនជាផ្លូវការនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់លើដំណោះស្រាយដឹកជញ្ជូន ដែលមានប្រសិទ្ធភាពខាងសេដ្ឋកិច្ច ខណៈក្រុមហ៊ុនរុស្ស៊ីមួយនេះអះអាងថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងជាមួយម៉ាកយីហោល្បីៗផ្សេងទៀត ដោយផ្អែកលើឧត្តមភាពនៃ «ភាពធន់នឹងស្ថានភាពផ្លូវលំបាក និងតម្លៃថ្លៃដើមសមរម្យ»។


ពិធីតាំងបង្ហាញនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈដ្ឋានធុរកិច្ច ដោយមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ, ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា, ព្រមទាំងលោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី។ វត្តមានរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងតំណាងអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាចំពោះជម្រើសរថយន្តពាណិជ្ជកម្មថ្មីនេះ ដែលអាចជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការដឹកជញ្ជូននៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី បានលាតត្រដាងពីមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រនៃការនាំយកម៉ាក GAZ ចូលមកក្នុងទីផ្សារកម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា នេះមិនមែនជាការនាំចូលផលិតផលពាណិជ្ជកម្មធម្មតានោះទេ ប៉ុន្តែវាជាការឆ្លើយតបចំកាលៈទេសៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានតម្រូវការខ្ពស់លើការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ម៉ាកសញ្ញា GAZ គឺជាគ្រឹះស្ថានឧស្សាហកម្មយានយន្តឈានមុខគេមួយរបស់រុស្ស៊ី ដែលមានប្រវត្តិសាស្ត្រ និងបទពិសោធន៍ជិតមួយសតវត្សរ៍ក្នុងការផលិតយានយន្តដែលមានភាពរឹងមាំ ធន់នឹងគ្រប់លក្ខខណ្ឌអាកាសធាតុ និងស្ថានភាពផ្លូវលំបាកៗ ដែលលក្ខណៈសម្បត្តិបច្ចេកទេសទាំងនេះ ស័ក្តិសមឥតខ្ចោះទៅនឹងតម្រូវការជាក់ស្តែងនៃភូមិសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាងនេះទៅទៀត មូលដ្ឋានគ្រឹះដ៏រឹងមាំមួយទៀត គឺការបង្កើត «ស្ពានចម្លងយុទ្ធសាស្ត្រ» របស់សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី ក្នុងការធ្វើជាអ្នកសម្របសម្រួល និងជាអ្នកធានាទំនុកចិត្ត ដើម្បីបំប្លែងចំណាប់អារម្មណ៍របស់ធុរជន ឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់នូវដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំណាយទាបសម្រាប់សហគ្រាសក្នុងស្រុក។
យុទ្ធសាស្ត្រគន្លឹះដែលគេជឿជាក់ថា អាចធ្វើឱ្យ GAZ មានប្រៀបក្នុងការប្រកួតប្រជែងនៅលើទីផ្សារកម្ពុជា គឺខ្សែច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់គ្រឿងបំផ្លាស់ និងសេវាថែទាំ។ រថយន្ត GAZ ដែលយកមកវាយលុកទីផ្សារកម្ពុជានាពេលនេះ គឺត្រូវបានផលិត និងដំឡើងដោយផ្ទាល់ចេញពីរោងចក្រ GAZ Thanh Dat នៅក្នុងប្រទេសវៀតណាម (បង្កើតឡើងតាំងពីឆ្នាំ២០១៩)។ លោក Mikhail Semenikhin តំណាងរោងចក្រដំឡើង GAZ Thanh Dat បានគូសបញ្ជាក់ថា ទីតាំងរោងចក្រនៅដាណាំង និងឃ្លាំងគ្រឿងបំផ្លាស់ដែលស្ថិតនៅកៀកបង្កើយ នឹងប្រទេសកម្ពុជា គឺជាអត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏ធំ។ វាអនុញ្ញាតឱ្យក្រុមហ៊ុនអាចដឹកជញ្ជូនរថយន្ត និងផ្គត់ផ្គង់គ្រឿងបំផ្លាស់បានយ៉ាងលឿនរហ័សបំផុត ដែលនេះជាការបំបាត់ក្តីបារម្ភធំំបំផុតរបស់ប្រតិបត្តិករដឹកជញ្ជូនកម្ពុជាលើបញ្ហាសេវាកម្មក្រោយការលក់ និងការរង់ចាំយូរ។
ក្រុមហ៊ុនកបានពិភាក្សាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា អំពីការគិតគូរដល់ការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសយានយន្តផងដែរ ជាពិសេសយានយន្តរសប់រុស្ស៊ី។
ឆ្លងកាត់ការបើកបរមានសាកល្បងផ្ទាល់ពីសំណាក់ពាណិជ្ជករ និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន ឡានក្រុងខ្នាតតូច (Minibuses) និងឡានដឹកទំនិញ (Vans) របស់ GAZ ទទួលបានការវាយតម្លៃខ្ពស់ថា មានសមត្ថភាពឆ្លើយតបចំតម្រូវការជាក់ស្តែងនៃទីផ្សារ។ ប្រភេទឡានដឹកទំនិញ Gazelle Next ត្រូវបានគេមើលឃើញថាជា «ឧបករណ៍រកប្រាក់» ដ៏មានសក្តានុពលសម្រាប់អាជីវកម្មអនឡាញ ក្រុមហ៊ុនបញ្ញើអីវ៉ាន់ និងសហគ្រាសខ្នាតតូច ដោយសារវាមានទំហំផ្ទុកធំទូលាយ ម៉ាស៊ីនសន្សំសំចៃប្រេងខ្ពស់ តែមានទម្រង់បង្រួមតូចអាចបត់បែនបានយ៉ាងរហ័សរហួននៅលើដងផ្លូវដែលមានចរាចរណ៍ណែនណាន់ត្បៀតក្នុងទីក្រុង។ ចំណែកឯតួខ្លួនរថយន្តដែលរចនាឡើងពីដែកថែប (Zinc-coated) និងជ័រធន់ពិសេស ក៏បានផ្តល់នូវភាពរឹងមាំ និងការពារច្រែះចាប់បានយ៉ាងល្អ ដែលជាចំណុចពិសេសស័ក្តិសមបំផុតសម្រាប់លក្ខខណ្ឌអាកាសធាតុដ៏ក្តៅសើមនៅតំបន់អាស៊ីអាគ្នេយ៍។

លោក Leonid Dolgov នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បច្ចេកវិទ្យា និងបទពិសោធន៍ជាសកលរបស់ GAZ នឹងក្លាយជាជំនួយការដ៏គួរឱ្យទុកចិត្តសម្រាប់វិស័យឯកជន និងសេវាសាធារណៈនៅកម្ពុជា។ ស្របពេលជាមួយគ្នានេះ ទាំងភាគីរដ្ឋាភិបាលកម្ពុជា និងស្ថានទូតរុស្ស៊ី បានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ស្ពានចម្លងយុទ្ធសាស្ត្រ» ដ៏រឹងមាំ ដែលមិនត្រឹមតែបើកទំព័រថ្មីសម្រាប់ការប្រកួតប្រជែងក្នុងឧស្សាហកម្មយានយន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមានក្នុងការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាក់ស្តែងរវាងកម្ពុជា និងរុស្ស៊ី ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើងថែមមួយកម្រិតទៀត នៅក្នុងបរិបទសេដ្ឋកិច្ចទំនើប៕



