ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំង សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនមនុស្សសរុបចំនួន១០៤នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅអគារA និងអគារB នៃមជ្ឈមណ្ឌល ព្រីន៍ ផ្លាហ្សា ក្បែរស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


ប្រតិបត្តិការខាងលើ សមត្ថកិច្ចត្រួតពិនិត្យរកឃើញជនបរទេសសរុបចំនួន១០៤នាក់ ស្រី៧នាក់ ក្នុងនោះរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចំនួនចំនួន៨៣នាក់ ជនជាតិចិនចំនួន៨២នាក់ ស្រី ៤នាក់ , ជនជាតិវៀតណាម ១នាក់ ស្រី ។ ចំណែក២១នាក់ទៀត ស្រី២នាក់ ដែលពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ។
ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចដកហូតបានសម្ភារៈ ៖ កុំព្យូទ័រលើតុ (All In One) ចំនួន៧៧គ្រឿង ,កុំព្យូទ័រយួរដៃ (LAPTOP)ចំនួន៣៦គ្រឿង ,IPAD ចំនួន៥គ្រឿង ,ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង ,ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង ,ធុងCPU ចំនួន៦គ្រឿង ។


ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕


អត្ថបទ៖ តាតុងសែនជ័យ

