ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងលក់ឧបករណ៍អេឡិចត្រូនិច សម្រាប់ជក់សារធាតុគីមីមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបាន ២៦០០ប្រអប់ កាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



កម្លាំងអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបទីតាំងខាងលើ ដែលលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ដកហូតវត្ថុតាងបារីអេឡិចត្រូនិក FISCO ចំនួន ១៣កេស ស្មើនឹង ២៦០០ប្រអប់។
ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំខ្លួនទៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

