វ៉ាស៊ីនតោន៖ សេតវិមានបានទម្លាយនូវរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអាទិត្យ (ទី១៧ ឧសភា) ថា ទីក្រុងប៉េកាំងបានយល់ព្រមក្រោមសម្ពាធ ក្នុងការប្តេជ្ញាចិត្តបញ្ជាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ ១៧ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨។

ការព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលដ៏តានតឹងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) កាលពីសប្តាហ៍មុននៅប្រទេសចិន។ អ្វីដែលគួរឱ្យកត់សម្គាល់ ទឹកប្រាក់ដ៏មហាសាល ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំនេះ គឺមិនទាន់រាប់បញ្ចូលទាំងកិច្ចសន្យាទិញសណ្តែកសៀងដ៏ចម្រូងចម្រាស ដែលចិនបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២៥ នោះឡើយ។

សេតវិមានបានបញ្ជាក់ថា ទិន្នន័យ ១៧ពាន់លានដុល្លារនេះ គឺមិនទាន់រាប់បញ្ចូលទាំងការប្តេជ្ញាចិត្តទិញសណ្តែកសៀងដែលចិនបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២៥ នោះឡើយ។

សេចក្តីរាយការណ៍បានបង្ហាញថា យុទ្ធសាស្ត្រដំឡើងពន្ធគយសងសឹកគ្នាទៅវិញទៅមកកាលពីឆ្នាំមុន បានធ្វើឱ្យការនាំចេញកសិផលរបស់អាមេរិកទៅកាន់ចិនដួលរលំស្ទើរតែទាំងស្រុង។ យោងតាមទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ទំហំពាណិជ្ជកម្មរវាងយក្សសេដ្ឋកិច្ចទាំងពីរបានដុនដាបចុះរហូតដល់ ៦៥.៧% ដោយធ្លាក់ពីកំពូលមកនៅត្រឹមតែ ៨.៤ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២៥។

ការពិតជាក់ស្តែង ចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់ផ្តាច់ការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់អាមេរិក ចាប់តាំងពីអាណត្តិដំបូងរបស់លោក ត្រាំ។ គិតត្រឹមឆ្នាំ២០២៤ (មួយឆ្នាំមុនលោក ត្រាំ ត្រឡប់មកសេតវិមានវិញ) ចិនបានកាត់បន្ថយការទិញសណ្តែកសៀងពីអាមេរិកមកនៅត្រឹម ២០% ប៉ុណ្ណោះ ដែលចំនួននេះធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងកម្រិត ៤១% ក្នុងឆ្នាំ២០១៦។ ប៉ុន្តែការដួលរលំសេដ្ឋកិច្ចសកល និងសម្ពាធពន្ធគយថ្មីរបស់លោក ត្រាំ បានបង្ខំឱ្យទីក្រុងប៉េកាំងគ្មានជម្រើស ក្រៅតែពីការងាកមកបន្ធូរបន្ថយឥរិយាបថ និងផ្តល់ផលប្រយោជន៍ឱ្យអាមេរិកវិញនោះទេ។

ក្រៅពីលំហូរទឹកប្រាក់ ចិនក៏ត្រូវបង្ខំចិត្តធ្វើសម្បទានផ្នែកច្បាប់ ដោយយល់ព្រមសហការជាមួយស្ថាប័នត្រួតពិនិត្យអាមេរិក ដើម្បីលុបចោលរាល់ការផ្អាកដំណើរការលើរោងចក្រផលិតសាច់គោអាមេរិក។ ជាងនេះទៅទៀត ទីក្រុងប៉េកាំងក៏ត្រូវបើកភ្លើងខៀវទទួលយកការនាំចូលសាច់បក្សីឡើងវិញ ពីបណ្តារដ្ឋនានារបស់អាមេរិក ដែលត្រូវបានធានាថាគ្មានផ្ទុះជំងឺគ្រុនផ្តាសាយបក្សី ដែលនេះជាការបើកចំហរទីផ្សារកសិកម្មអាមេរិកដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលដ៏ខ្លី។

ដើម្បីជាការដោះដូរ សេតវិមានបានបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចទាំងពីរនឹងបង្កើត «ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន» (US-China Board of Trade) និង «ក្រុមប្រឹក្សាវិនិយោគអាមេរិក-ចិន» (US-China Board of Investment)។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្យាយាមសម្រាលកម្តៅនយោបាយដោយលើកឡើងថា ក្រុមប្រឹក្សាទាំងនេះនឹងដើរតួនាទីដោះស្រាយជម្លោះទីផ្សារ និងពង្រីកពាណិជ្ជកម្ម «នៅក្រោមក្របខ័ណ្ឌកាត់បន្ថយពន្ធគយទៅវិញទៅមក»។

ទោះជាយ៉ាងណា អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា នេះគ្រាន់តែជាជំហានដកថយមួយជំហានរបស់ចិន ដើម្បីទិញពេលវេលា និងទប់ទល់នឹងគោលនយោបាយគាំពារនិយមដ៏ខ្លាំងក្លារបស់លោក ដូណាល់ ត្រាំ ប៉ុណ្ណោះ។ កិច្ចព្រមព្រៀង ១៧ ពាន់លានដុល្លារនេះ អាចជួយឱ្យទីផ្សារកសិកម្មអាមេរិកដកដង្ហើមបានវែងបន្តិច ប៉ុន្តែវាមិនមែនជាការបញ្ចប់សង្គ្រាមត្រជាក់ផ្នែកសេដ្ឋកិច្ចរវាងវ៉ាស៊ីនតោន និងប៉េកាំងនោះឡើយ៕

ប្រភព៖ CNA

Share.