កែប៖ ប្រជានេសាទមួយគ្រួសារគ្នា ៤នាក់ ចេញទៅទៅរាវងាវ ជាអកុសលខ្យល់រលកបោកបក់បណ្តាលឱ្យលិចទូក បុរសជាប្តីហែលរួច តែប្រពន្ធ និងកូន២នាក់ទៀត លង់លិចបាត់ខ្លួន កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅមុខព្រែកសសៀ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រួសាររងគ្រោះឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រួសារខាងលើមានគ្នា ៤នាក់ជិះទូកទៅរាវងាវ ស្រាប់តែខ្យល់រលកបោកបក់ បណ្តាលឱ្យលិចទូក បុរសជាប្តីបានហែលរួច ចំណែកប្រពន្ធ និងកូនប្រុសតូចៗ២នាក់ទៀតបាត់ខ្លួន។

ក្រោយពីជួបគ្រោះធម្មជាតិ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប និងកម្លាំងច្រើនទៀត ស្វែងរកជនរងគ្រោះ មកដល់ល្ងាចថ្ងៃដដែល សព៣នាក់ម្តាយកូន រកមិនទាន់ឃើញនៅឡើយទេ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.