តាមរដ្ឋបានខេត្តពោធិ៍សាត់ បានឱ្យដឹងថា តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់បៃតង ប្រកបដោយសោភ័ណភាព និងនិរន្តរភាពបរិស្ថាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្រុកដឹកនាំយុទ្ធនាការដាំកូនឈើយ៉ាងសកម្ម។

សកម្មភាពនេះត្រូវបានអនុវត្តភ្លាមៗត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងមក។ ដោយស្មារតីទទួលខុសត្រូវខ្ពស់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ខូយ រីដា បានអញ្ជើញដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក នាំយកកូនឈើប្រភេទ ច្រេស ដែលជាប្រភេទឈើធន់នឹងអាកាសធាតុ សរុបចំនួន ៤.៥០០ ដើម ទៅដាំនៅយោធភូមិភាគ៥ ត្រង់ចំណុចទិសទី៤ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានបង្ហាញពីបច្ចេកទេស និងរបៀបដាំដុះកូនឈើឱ្យបានត្រឹមត្រូវដល់បងប្អូនវីរកងទ័ពជួរមុខ ដើម្បីធានាថាកូនឈើទាំងនោះមានអត្រារស់រានខ្ពស់។ លោកបានបញ្ជាក់ថា សកម្មភាពនេះមិនត្រឹមតែជាការចូលរួមបង្កើតគម្របបៃតង និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងពង្រឹងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស៊ីវិល ជាមួយវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខផងដែរ។

លុះនៅរសៀលថ្ងៃដដែល ឯកឧត្តម ខូយ រីដា ក៏បានរួមដំណើរជាមួយ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា ចូលរួមក្នុងកម្មវិធីដាំកូនឈើប្រភេទ ក្ងោក ចំនួន ៣០០ ដើមបន្ថែមទៀត។ ការដាំដើមឈើនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ខូយ រីដា ក្នុងគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគម្របបៃតង ការពារធម្មជាតិ និងកែលម្អសោភ័ណភាពដងផ្លូវជាតិលេខ១០ ឱ្យកាន់តែស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិស្រុកវាលវែង ជាពិសេសនៅតំបន់អូរសោម។

គួរបញ្ជាក់ថា យុទ្ធនាការ «ពន្លកបៃតង» និងសកម្មភាពដាំដើមឈើឡើងវិញនេះ មិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមក្នុងការដាំ និងរក្សានូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅកម្ពុជា។
ដោយឡែកសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ ទាំងក្នុងកម្រិតជាតិ និងសកលលោក ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគម្របព្រៃឈើឱ្យបាន ៦០% នៃផ្ទៃដីសរុបនាពេលអនាគត៕

