ពោធិ៍សាត់៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញសហការគ្នាចុះទស្សនកិច្ចសិក្សា និងបង្ហាញសក្តានុពលទេសចរណ៍ធម្មជាតិដ៏សំបូរបែប នៅតំបន់ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងសំខាន់ ដើម្បីសិក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច ការគ្រប់គ្រងបរិស្ថាន និងការអភិរក្សធម្មជាតិ ព្រមទាំងជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់វិស័យទេសចរណ៍សុខភាព (Wellness Tourism) នៅកម្ពុជា។

តំបន់អូរសោម ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ដោយសម្បូរទៅដោយព្រៃភ្នំ ទឹកធ្លាក់ អាកាសធាតុត្រជាក់ និងបរិយាកាសស្ងប់ស្ងាត់ សមស្របសម្រាប់ការអភិវឌ្ឍទេសចរណ៍បែបសុខភាព និងលំហែកាយ។

រីស៊តទាំងពីរនៅតំបន់នេះ បានអភិវឌ្ឍគំនិត “សម្រាកជាមួយធម្មជាតិ” ដោយផ្តល់សេវាកម្មដូចជា ការស្នាក់នៅបែប Eco-Luxury ស្ប៉ា និងម៉ាស្សា យូហ្គា និងសមាធិ អាហារសុខភាព កម្មវិធីដើរព្រៃ និងស្វែងយល់ធម្មជាតិ ព្រមទាំងសេវាកម្មថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តតាមបែបធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍគោលដៅទេសចរណ៍ថ្មី ដែលមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើនចំណូលសហគមន៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

ជាពិសេស វិស័យ Wellness Tourism កំពុងក្លាយជានិន្នាការទេសចរណ៍សកលថ្មី បន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយភ្ញៀវទេសចរផ្តោតលើសុខភាពផ្លូវកាយ ផ្លូវចិត្ត និងការរស់នៅជិតធម្មជាតិ។ កម្ពុជាត្រូវបានវាយតម្លៃថាមានសក្តានុពលខ្ពស់ក្នុងវិស័យនេះ ដោយសារធនធានធម្មជាតិ និងបរិយាកាសស្ងប់ស្ងាត់ ដែលអាចអភិវឌ្ឍប្រកួតប្រជែងក្នុងតំបន់បាន។

ដំណើរទស្សនកិច្ចនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព គុណភាព និងបរិយាបន្ន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សុខភាពដ៏ទាក់ទាញមួយ៕

Share.