បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងគ្រោងរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ ២០២៦ ដំណើរការរយ:ពេលវែង និងឲ្យបានល្អ ធំជាងឆ្នាំចាស់កន្លងមក។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអះអាងឲ្យដឹងនៅចុងសប្តាហ៍កន្លងមកនេះថា÷ ក្រោយទទួលបានជោគជ័យផ្អែកលើបទពិសោធន៍ពីឆ្នាំចាស់ ២០២៥ នៅអំឡុងដើមខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំជាថ្មីម្តងទៀតដែលឆ្នាំនេះត្រៀមដាក់ដំណើរការរយ:ពេលវែងរហូតដល់ទៅ ១០ថ្ងៃ និងបានរៀបចំឲ្យបានអធិកអធមល្អ និងធំជាងឆ្នាំចាស់កន្លងមក។




មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបន្តថា÷ ដោយសាររដូវកាលនេះជារដូវកាលសម្រស់ធម្មជាតិស្រស់បំព្រង មានសម្រស់ខៀវខ្ចីស្អាត ហើយសំបូរដោយបន្លែផ្លែឈើច្រើនប្រភេទបានហុចផលពេញបន្ទុក ពិសេសៀផ្លែទុរេនសំឡូតមាស ដូច្នេះភ្លៀវទេសចរពីមជ្ឍដ្ឋាននានាអាចអញ្ជើញមកទស្សនាកម្សាន្ត និងភ្លក់រសជាតិផ្លែឈើច្រើនមុខ រួមទាំងផ្លែទុរេនរសជាតិធម្មជាតិនៃទឹកដីខេត្តបាត់ដំបងផ្ទាល់តែម្តង។ លើសពីនេះភ្លៀវទេសចរក៏បានដើរលេងកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ តាមចម្ការនានា ហើយភ្លៀវទេសចរក៏អាចឆៀងចូលលេងក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ដែលមានរស់ជាតិផ្អែមឆ្ញាញ់ធម្មជាតិពិត ១០០℅ ថែមទៀត។




តាមការគ្រោងទុកបើមិនមានការប្រែប្រួលទេនោះព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ខេត្តបាត់ដំបង នឹងដាក់ឲ្យដំណើរការក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាល ក្នុងរយ:ពេល ១០ថ្ងៃ រវាងដើមខែកក្កដា ឆ្នាំ ២០២៦ខាងមុខ ស្របគ្នានឹង ភូមិសាស្ត្រខេត្តបាត់ដំបង នៅអំឡុង ពាក់កណ្តាលខែមិថុនា និងដើមខែកក្កដា ផ្លែឈើជាច្រើនប្រភេទ ពិសេសផ្លែទុរេនពូជសំឡូតមាសបានហុចផលពេញលេញ ភ្លៀវទេសចរ អាចទទួលទានបានល្អទាំងបរិមាណ គុណភាព និងតម្លៃ៕
អត្ថបទ: ដំបងក្រញូង

