តាមអ្នកនាំពាក្យក្រសួងព័ត៌មាននាពេលថ្មីៗនេះបានឱ្យដឹងថា ក្រសួងបានរៀបចំពិធីប្រកាសបើកនិងដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានរបស់ ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងព័ត៌មាន តំណាងនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រង និង សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ សរុបចំនួនប្រមាណ ២ ៤០០ នាក់។
ប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសដែលបច្ចេកវិទ្យាមានការ វិវត្តយ៉ាងរហ័ស យុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រម សុវត្ថិភាពព័ត៌មាន ដែលទាមទារឱ្យចេះ គិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មាន ជំនួសឱ្យទម្លាប់នៃការ ទទួលយកព័ត៌មានដោយអកម្ម។
យុទ្ធនាការនេះដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោត លើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការ ក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។

មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្សនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បាន សង្កត់ធ្ងន់ថា៖ «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដ៏រឹងមាំ ដើម្បី បន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម។»
ការចេញដំណើរយុទ្ធនាការជំហានទី២នេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មានដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

យុទ្ធនាការនឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ យុទ្ធនាការនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជននិងប្រជាពលរដ្ឋទាំងអស់ ដើម្បី៖
ទី១) លុបបំបាត់ វប្បធម៌ចេះតែចែករំលែកតៗគ្នាដោយអារម្មណ៍រំជើបរំជួល ដោយផ្អាកបន្តិចនិងពិចារណាលើព័ត៌មានដែល ទទួលបាន។
ទី២) ញែកព័ត៌មានបំពុលការបំភ្លៃ ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យាAI ចេញពីលំហ ព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ឬសារ ព័ត៌មានអាជីព។
ទី៣) ការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និង រក្សាលេខកូដសម្ងាត់។
ទី៤) ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយដោយមិនចែករំលែកព័ត៌មានចចាម អារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ ឆបោក។
ទី៥) ជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារនិងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គម ទាំងមូល។

គួររំលឹកជូនថា ការឈានមកដល់ជំហានទី២នេះ ការអនុវត្តឈរលើមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ពីយុទ្ធនាការជំហានទី១ ដែលបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ នៅទូទាំង ២៥ រាជធានី-ខេត្ត។
យុទ្ធនាការជំហានទី១ បានផ្តល់ចំណេះដឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថល ត្រូវបានបញ្ញាបជូនដល់ពលរដ្ឋជិត ១០ លាននាក់តាមរយៈសកម្មភាពឃោសនាផ្ទាល់ និងបានផ្សព្វផ្សាយ សារទៅដល់អ្នកប្រើប្រាស់ទូរស័ព្ទសរុបជាង ២៣ លានអង្គ/នាក់ទូទាំងប្រទេសក្រោមសហប្រតិបត្តិការ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សមិទ្ធផលទាំងនេះមិនត្រឹមតែលើកកម្ពស់ចំណេះដឹងផ្នែក ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុវត្ថិភាពព័ត៌មានឌីជីថល និងការពារ សហគមន៍កម្ពុជាពីហានិភ័យនៃព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព៕

