តាមក្រសួងមុខការសាធារណៈបានឱ្យដឹងថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំកម្មវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលចុងក្រោយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម និងដាក់ពិន្ទុដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំជាសមាជិក គ.វ.ជ.។
មុនចាប់ផ្តើមកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការ ឱ្យប្រើប្រាស់ការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ ស្មើៗគ្នា ដោយធ្វើយ៉ាងណាធានាភាពសុក្រឹត្យ និងយុត្តិធម៌បំផុតជូនអង្គភាពដែលជាបេក្ខភាពទាំងអស់ ស្របតាមនីតិវិធី និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។

បេក្ខភាពទាំង ១៥ អង្គភាព ដែលចូលរួមប្រកួតប្រជែងដំណាក់កាលចុងក្រោយនាពេលនេះ មានដូចជា ៖ (១)អនុវិទ្យាល័យ ឈូកខ្សាច់ កំពង់ធំ (២)អនុវិទ្យាល័យ ភ្នំយ៉ាត ប៉ៃលិន (៣)អនុវិទ្យាល័យ បាក់អំរែក បាត់ដំបង (៤)អនុវិទ្យាល័យ សម្តេចឪ ព្រះសីហនុ (៥)អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា សៀមរាប (៦)សាលាបឋមសិក្សា ថ្លុកជ្រៅ កំពង់ចាម (៧)សាលាបឋមសិក្សា សម្តេច ជា ស៊ីម បាត់ដំបង (៨)សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ព្រះសីហនុ (៩)សាលាបឋមសិក្សា ក្រវ៉ាន់ សៀមរាប (១០)សាលាបឋមសិក្សា ស្វាយជ្រំ ស្វាយរៀង (១១)មណ្ឌលសុខភាព សំរោង ពោធិ៍សាត់ (១២)មណ្ឌលសុខភាព ព្រៃព្នៅ ព្រៃវែង (១៣)មណ្ឌលសុខភាព គោកចក សៀមរាប (១៤)មណ្ឌលសុខភាព ស្រែណូយ សៀមរាប និង (១៥)មណ្ឌលសុខភាព មិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ស្វាយរៀង។

សូមជម្រាបថា ការអនុវត្តនីតិវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សាវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ ប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល៕

