កំពង់ចាម៖ ប្រជាពលរដ្ឋចំនួន ៧៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកចំការលើ ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុង១២ភូមិ នៃឃុំស្វាយទាប ឃុំស្ពឺ ឃុំល្វាលើ និងឃុំជយោ ស្រុកចំការលើ។

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់ខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៣៥ខ្នង រងការខូចខាតទាំងកម្រិតធ្ងន់ មធ្យម និងស្រាល ដូចជា របើកស័ង្កសី និងក្បឿង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយ និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះគ្រប់ពេលវេលា ក្រោមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។អំណោយដែលផ្តល់ជូនក្នុង១គ្រួសារ រួមមាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកពិសា និងឃីតសម្ភារៈប្រើប្រាស់។ ដោយឡែក ថវិកាជំនួយ ត្រូវបានផ្តល់ជូនទៅតាមកម្រិតនៃការខូចខាតផ្ទះសម្បែងផងដែរ៕

អត្ថបទ÷អាចារ្យលាក្យ

Share.