កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ព្រមទាំងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅបរិវេណវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំង សិស្សានុសិស្ស យុវជន សមាគមនារី ប្រជាពលរដ្ឋ និងតំណាងម្ចាស់អាជីវកម្មជាច្រើនរូប។

លោកជំទាវ ស្រ៊ុន ស្រីនាង បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះ មានគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងវិធីការពារ និងស្វែងរកជំនួយនៅពេលជួបបញ្ហា។

ជាមួយគ្នានេះ ក៏ដើម្បីជំរុញការចូលរួមរបស់សហគមន៍ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវបានបញ្ជាក់ថា តាមរយៈការធ្វើបទបង្ហាញ និងការឆ្លើយសំណួរ បានជួយឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស យល់កាន់តែច្បាស់អំពីវិធានការទប់ស្កាត់ ការសហការជាមួយអាជ្ញាធរ និងការអន្តរាគមន៍នៅពេលមានហេតុការណ៍ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទ និងការជួញដូរមនុស្សគ្រប់ទម្រង់។

ក្នុងឱកាសនោះ លោកជំទាវ អភិបាលរងខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការក្នុងការផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍ជូនអាជ្ញាធរ ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងទីតាំងប្រព្រឹត្តបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online) ដើម្បីឱ្យសមត្ថកិច្ចអាចចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕

អត្ថបទ÷កណ្តាល

Share.