បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត២០០នាក់ តំណាងឲ្យ៨៧៥គ្រួសារ បាននាំគ្នាលើកបដាតវ៉ា នៅសាលាក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទាមទារឲ្យលោកស្រី ពៅ វណ្ណា ម្ចាស់គម្រោងដីឡូតិ៍ និងដីល្វែងទី១០ និងទី១១ ចេញមុខដោះស្រាយ និងសងប្រាក់ជូនអតិថិជនវិញ បន្ទាប់ពីពួកគាត់បង់លុយដាច់តាំងពីឆ្នាំ២០១៩ ប៉ុន្តែមិនទាន់ទទួលបានដីជាកម្មសិទ្ធិស្របច្បាប់។


តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ដីដែលពួកគាត់បានទិញស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែរហូតមកដល់ពេលនេះ មិនអាចចុះបញ្ជីកម្មសិទ្ធិបាន ដោយសារតែកំពុងមានបញ្ហាទំនាស់ដីធ្លី។


ពលរដ្ឋដែលរងគ្រោះបានអំពាវនាវឲ្យ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ ដោយបញ្ជាក់ថា បើមិនអាចផ្តល់ដីបានទេ សូមសងប្រាក់ដើមវិញ ដើម្បីបញ្ចប់ការរង់ចាំដ៏អូសបន្លាយជាច្រើនឆ្នាំ។
ជុំវិញបញ្ហានេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសម្របសម្រួលឲ្យមានជំនួបពិភាក្សារវាងតំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន ពៅ វណ្ណា ដើម្បីស្វែងរកដំណោះស្រាយ។ ក្នុងកិច្ចប្រជុំនោះ ខាងក្រុមហ៊ុនបានស្នើសុំរយៈពេល៧ថ្ងៃ ដើម្បីផ្តល់ចម្លើយជូនអតិថិជនរបស់ខ្លួនវិញ៕
អត្ថបទ÷បន្ទាយមានជ័យ

