ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹក ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំចែកផ្ទះជូននៅទីតាំងថ្មី។

ការចុះសួរសុខទុក្ខនេះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ បងប្អូនជនភៀសសឹកទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលរៀបចំប្រគល់លំនៅឋានជូនតាមរយៈការចាប់ឆ្នោត ដោយក្នុងនោះផ្ទះនីមួយៗសុទ្ធតែមានដីធ្លីគ្រប់គ្រាន់សម្រាប់ដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី និងឯកឧត្តមបណ្ឌិត កៅ ថាច បានពិនិត្យដោយផ្ទាល់នូវស្ថានភាពការរស់នៅ ព្រមទាំងបានសិក្សាអំពីលទ្ធភាពក្នុងការជួយលើកកម្ពស់ជីវភាពបងប្អូនបន្ថែមទៀត តាមរយៈការជំរុញវិស័យកសិកម្ម។

អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក ដែលទទួលបានលំនៅឋានថ្មីរួចហើយ សូមពិចារណាសិក្សាបង្កើតមុខរបរបន្ថែមលើវិស័យកសិកម្ម ដូចជា ការដាំដុះបន្លែ ការចិញ្ចឹមសត្វជាដើម។ នេះគឺជាវិធីមួយដ៏សំខាន់ ដើម្បីរកចំណូលបន្ថែម និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារឲ្យកាន់តែប្រសើរឡើង។

ការអញ្ជើញចុះពិនិត្យផ្ទាល់របស់ថ្នាក់ដឹកនាំ ក្នុងពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាបាននូវស្ថិរភាពជីវភាព និងសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនភៀសសឹកដែលទើបត្រឡប់មកតាំងទីលំនៅថ្មី៕

Share.