ពោធិ៍សាត់៖ សត្វប្រើសញីមួយក្បាល ដែលកំពុងមានផ្ទៃពោះ និងមានទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានក្រុមជនអគតិព្រួតគ្នាវាយសម្លាប់យ៉ាងព្រៃផ្សៃ បន្ទាប់ពីវាវង្វេងចូលមកក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។


ករណីនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង ខណៈសត្វប្រើសជាប្រភេទសត្វព្រៃដ៏កម្រ និងកំពុងត្រូវការការអភិរក្ស។ ជាពិសេស សត្វដែលត្រូវបានសម្លាប់នោះ កំពុងមានកូនក្នុងផ្ទៃថែមទៀត។
ក្រោយទទួលព័ត៌មាន មន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ភ្លាមៗ ដោយនាំយកសាកសពសត្វប្រើសទៅបញ្ចុះនៅក្នុងវត្ត និងរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់វា និងកូនក្នុងផ្ទៃ។




រដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើដ៏ឃោរឃៅនេះ និងបញ្ជាក់ថា កំពុងស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សា និងការពារសត្វព្រៃ ដោយមិនត្រូវបង្កគ្រោះថ្នាក់ ឬសម្លាប់សត្វព្រៃនៅពេលវង្វេងចូលក្នុងភូមិឋាននោះឡើយ៕
អត្ថបទ÷ពោធិ៍សាត់

