បាងកក៖ អាជ្ញាធរថៃបានចេញមកបញ្ជាក់ជាផ្លូវការថា អ្នកបើកបររថភ្លើងដឹកទំនិញដែលបានបុកឡានក្រុងសាធារណៈ កាលពីថ្ងៃសៅរ៍ ទី១៦ ឧសភាកន្លងទៅ បានធ្វើតេស្តវិជ្ជមានសារធាតុញៀន និងកំពុងបើកបរដោយគ្មានប័ណ្ណបើកបរស្របច្បាប់។ ករណីនេះបានដុតបញ្ឆេះរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនទៅលើស្តង់ដារសុវត្ថិភាព និងការគ្រប់គ្រងដ៏ធូររលុងរបស់អាជ្ញាធរដឹកជញ្ជូនថៃ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅស្ថានីយ៍រថភ្លើង អាសោក (Asok) ចំណុចប្រសព្វផ្លូវ Asok-Din Daeng ក្រោមស្ថានីយ៍រថភ្លើង Airport Rail Link Makkasan នៅពេលដែលរថភ្លើងដឹកទំនិញ បានបុកឡានក្រុងដឹកអ្នកដំណើរខ្សែកាបលេខ ២០៦ ពេញទំហឹង នៅពេលដែលឡានក្រុងនេះឈប់នៅលើផ្លូវរថភ្លើងចំពេលភ្លើងក្រហម។ ការប៉ះទង្គិចដ៏ខ្លាំងក្លានេះបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត និងជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈស្ត្រីជនជាតិថៃ ២នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលបង្ខំឱ្យប៉ូលីសត្រូវធ្វើតេស្ត DNA លើបំណែកសាកសពនៅកន្លែងកើតហេតុដើម្បីបញ្ជាក់អត្តសញ្ញាណ។

បន្ទាប់ពីកើតហេតុ ក្រសួងដឹកជញ្ជូនថៃបានរកឃើញការពិតដ៏គួរឱ្យតក់ស្លុតថា អ្នកបើកបរបានចាប់ផ្តើមជាន់ហ្វ្រាំងបន្ទាន់នៅចម្ងាយត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ មុនពេលបុកឡានក្រុង ដែលចម្ងាយនេះគឺមិនអាចទប់ល្បឿនរថភ្លើងបានឡើយ។ ក្រុមអ្នកស៊ើបអង្កេតបានសង្កត់ធ្ងន់ថា តាមស្តង់ដារបច្ចេកទេស រថភ្លើងត្រូវតែចាប់ផ្តើមជាន់ហ្វ្រាំងជាបន្ទាន់យ៉ាងហោចណាស់ ២គីឡូម៉ែត្រ មុនពេលទៅដល់ឧបសគ្គនៅខាងមុខ។
អ្វីដែលគួរឱ្យហួសចិត្តជាងនេះទៅទៀតនោះគឺ បុគ្គលិកផ្លូវរថភ្លើងដែលប្រចាំការនៅចំណុចប្រសព្វនោះ បានអះអាងថា ខ្លួនបានផ្តល់សញ្ញាប្រាប់អ្នកបើកបររថភ្លើងរួចហើយថា មានឡានកកស្ទះនៅលើផ្លូវ ដោយបានប្រាប់ឱ្យជាន់ហ្វ្រាំងជាបន្ទាន់ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ បុគ្គលិករូបនោះថែមទាំងបាននិយាយថា ខ្លួនបានរត់ទៅឈរក្បែរផ្លូវរថភ្លើងគ្រវីទង់ក្រហមទៀតផង ប៉ុន្តែនៅពេលដែលមន្ត្រីដឹកជញ្ជូនពិនិត្យមើលទិដ្ឋភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) ឡើងវិញ បែរជាឃើញថា ការផ្តល់សញ្ញាព្រមាននោះធ្វើឡើងតែមួយភ្លែត និងគ្មានប្រសិទ្ធភាពទាល់តែសោះ។

លុះដល់ថ្ងៃទី ១៧ ខែឧសភា ប៉ូលីសមកពីស្ថានីយ៍ Makkasan បានលាតត្រដាងថា អ្នកបើកបររថភ្លើងឈ្មោះ Sayomporn Sornkul មានផ្ទុកសារធាតុញៀនក្នុងខ្លួន ខណៈលទ្ធផលវេជ្ជសាស្ត្រលម្អិតដើម្បីបញ្ជាក់ពីប្រភេទថ្នាំញៀនត្រូវបានគេរំពឹងថា នឹងចេញជាផ្លូវការ។
ក្រៅពីបញ្ហាគ្រឿងញៀន អ្វីដែលធ្វើឱ្យមហាជនថៃខឹងសម្បារបំផុតនោះគឺ អ្នកបើករថភ្លើងដ៏ធំមួយនេះមិនមានប័ណ្ណបើកបរស្របច្បាប់ទេ។ បញ្ហានេះបានបង្កើតជាសំណួរដេញដោលធំៗទៅលើប្រព័ន្ធរដ្ឋបាលថៃថា៖ តើមន្ត្រីជាន់ខ្ពស់នៃសេវាកម្មដឹកជញ្ជូនរថភ្លើងថៃមានការបើកដៃ ឬមានការឃុបឃិតគ្នាដែរឬទេ ទើបបណ្តោយឱ្យបុគ្គលិកគ្មានច្បាប់ និងមានសារធាតុញៀន អាចឡើងបញ្ជារថភ្លើងដឹកទំនិញរាប់រយតោនបានតាមចិត្តបែបនេះ?

ករណីនេះក៏បានបើកមុខរបួសចាស់នៃវប្បធម៌បើកបរនៅប្រទេសថៃផងដែរ។ នៅលើបណ្តាញសង្គម ក្រៅពីការរិះគន់ភាគីរថភ្លើង មហាជនក៏បានរិះគន់យ៉ាងខ្លាំងទៅលើអ្នកបើកបរឡានក្រុងដែលទៅឈប់ចតលើផ្លូវរថភ្លើង និងបានចែករំលែកវីដេអូចាស់ៗ បង្ហាញពីសកម្មភាពរបស់អ្នកបើកបរថៃភាគច្រើន ដែលតែងតែខ្វះវិន័យ ចូលចិត្តបើកបំពានរបាំងការពារ មិនខ្វល់ពីភ្លើងសញ្ញា និងស៊ីរ៉ែនព្រមាននៅតាមចំណុចប្រសព្វផ្លូវរថភ្លើង ដែលជាទម្លាប់ដ៏គ្រោះថ្នាក់មិនព្រមកែប្រែ ទោះបីជាមានសោកនាដកម្មកើតឡើងជាហូរហែររួចមកហើយក៏ដោយ។
បច្ចុប្បន្ន ប៉ូលីសបានចោទប្រកាន់អ្នកបើកបររថភ្លើង និងបុគ្គលិកប្រចាំការនៅចំណុចប្រសព្វ ពីបទ «បើកបរ និងធ្វេសប្រហែសបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសធ្ងន់ធ្ងរដល់អ្នកដទៃ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា ១០ឆ្នាំ និងពិន័យជាប្រាក់ ២០០,០០០បាត (ប្រហែលជាង ៥,០០០ដុល្លារ)។ ចំណែកអ្នកបើកបរឡានក្រុងកំពុងស្ថិតក្នុងមន្ទីរពេទ្យដោយសាររបួសរលាករាងកាយផ្នែកខាងក្រោម និងមិនទាន់អាចផ្តល់ចម្លើយបាននៅឡើយទេ៕

