កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់សំខាន់ៗ ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅវត្តសាលាអណ្ដែត ស្រុកស្អាង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើន។



លោកជំទាវ បានបញ្ជាក់ថា វេទិកានេះមានគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងណែនាំពីវិធីការពារ និងការស្វែងរកជំនួយនៅពេលមានហេតុការណ៍កើតឡើង។
តាមរយៈកម្មវិធីផ្សព្វផ្សាយ និងសំណួរឆ្លើយ បានជួយឱ្យអ្នកចូលរួមយល់ច្បាស់អំពីវិធានការទប់ស្កាត់ និងការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើសទាក់ទងនឹងអំពើហិង្សា ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាពខ្ពស់ និងអំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងម្ចាស់អាជីវកម្ម ចូលរួមសហការក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើសទាំងនេះ។


បន្ថែមពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារ ដែលធ្វើចំណាកស្រុក ដោយរក្សាទំនាក់ទំនងជាបន្តបន្ទាប់ ដើម្បីបង្ការហានិភ័យនៃការជួញដូរមនុស្ស។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍ទៅអាជ្ញាធរ ប្រសិនបើមានការសង្ស័យអំពីសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

