ភ្នំពេញ៖ នៅថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តវិធានការបណ្ដេញជនជាតិចិនសរុប ៣១៩នាក់ (ស្រី ៧នាក់) ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការស្នាក់នៅ ឬធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន ដើម្បីរៀបចំបណ្ដេញជនទាំងនេះតាមនីតិវិធីច្បាប់។



ក្នុងចំណោមនោះ មានជនចំនួន ១៦៦នាក់ (ស្រី ៣នាក់) ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ ១៥៣នាក់ (ស្រី ៤នាក់) ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមរយៈយន្តហោះពិសេស។
អាជ្ញាធរបានបញ្ជាក់ថា ការបណ្ដេញចេញនេះ គឺជាផ្នែកមួយនៃវិធានការរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតមានក្នុងប្រទេស។
ជាមួយគ្នានេះ ក៏បង្ហាញពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារសុវត្ថិភាពសង្គម និងការពារជនរងគ្រោះ ដែលអាចត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដោយអាជ្ញាធរបន្តស្វែងរក និងចាត់ការទាំងមេខ្លោង និងបណ្ដាញពាក់ព័ន្ធដោយគ្មានការលើកលែង។
អត្ថបទ៖ ចតុម្មុខ

