បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានជាថ្មី ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់មួយករណី នៅក្រុងបាត់ដំបង ក្រោយមានការចែកចាយព័ត៌មាន និងការរិះគន់លើបណ្ដាញសង្គមជុំវិញការអនុវត្តនីតិវិធីរបស់សមត្ថកិច្ច។


ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។
តាមសេចក្តីបំភ្លឺ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ឈ្មោះ សើ សាន់ណាវី ថាជាអ្នកបើករថយន្តបង្កហេតុ ផ្អែកលើការបំភ្លឺរបស់ម្ចាស់រថយន្តឈ្មោះ សយ បូរ៉ា។


ប៉ុន្តែក្រោយមានការស៊ើបអង្កេតបន្ថែមពីក្រុមការងារនាយកដ្ឋាននគរបាលចរាចរណ៍ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្មោះ សើ សាន់ណាវី ត្រូវបានឃាត់ខ្លួន និងបានសារភាពថា ខ្លួនមិនមែនជាអ្នកបើកបររថយន្តបង្កហេតុនោះទេ ប៉ុន្តែត្រូវបានឈ្មោះ សយ បូរ៉ា ឱ្យទទួលកំហុសជំនួស។
ក្រោយការបំភ្លឺ ចៅក្រមស៊ើបសួរ បានអនុញ្ញាតឱ្យឈ្មោះ សើ សាន់ណាវី ត្រឡប់ទៅលំនៅដ្ឋានវិញ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ សយ បូរ៉ា អាយុ៥៧ឆ្នាំ ពីបទបើកបរដោយធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ។




ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ ហើយប្រសិនបើរកឃើញថា មានមន្ត្រីនគរបាលណាអនុវត្តខុសនីតិវិធី នឹងត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែង៕







