លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីវេលារសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញមកលើកទឹកចិត្ត និងពិនិត្យការសម្តែងសាកល្បងនូវផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង «កំពង់ធំជំរុំចិត្ត» នៅសាលមហោស្រពសិល្បៈទស្សនីយភាព។ វត្តមានក្នុងឱកាសនោះដែរ មានលោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខា លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា-ជំនួយការ និង ថ្នាក់ដឹកនាំនៃនាយកដ្ឋានសិល្បៈទស្សនីយភាពជាច្រើនរូបទៀត។

ក្នុងឱកាសដ៏ពិសេសពិសាលនេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានធ្វេីការកោតសរសេីរដល់ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ និងក្រុមការងារទាំងអស់ចំពោះការខិតខំប្រឹងប្រែងក្នុងការហាត់សមនូវស្នាដៃទស្សនីយភាពខាងលើនេះ។ ទស្សនីយភាពនេះ នឹងមានសម្ដែងជូនទស្សនិកជនបានទស្សនាក្នុងពេលឆាប់ៗនេះ។

តើអ្វីទៅជាល្ខោនបាមោជ្ជទ័យ? តើទម្រង់ល្ខោននេះមានប្រភពមក​ពីណា?

យោងតាម​ការ​បញ្ជាក់​ពី​សាស្ត្រាចារ្យ​ ណុប សម្បត្តិ ល្ខោនបាមោជ្ជទ័យ គឺជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយដែលបានកើតឡើងក្នុងប្រទេសកម្ពុជានៅដើមសតវត្សទី២០ គឺក្នុងចន្លោះឆ្នាំ ១៩១៤-១៩១៨ ពាក្យថា បាមោជ្ជទ័យ (បាមោជជៈទ័យ) គេតែងហៅដល់ឈ្មោះបីស្រដៀងគ្នា ​​​​​​​​​​​​​៖

១. បាមោទ័យ (បាមោទ័យ)

២. បាមោជ្ជទ័យ (បាមោជជៈទ័យ)

៣. ប្រាមោទ្យទ័យ (ប្រាមោទ្យទ័យ)

ពាក្យថាបាមោជ្ជទ័យ គឺជាភាសាបាលី រីឯពាក្យប្រាមោទ្យទ័យ ជាភាសាសំស្ក្រឹតពាក្យទាំងពីរមានន័យដូចគ្នា សេចក្តីរីករាយ សេចក្តីពេញចិត្តខ្លាំង រំជួលចិត្ត ឧទាហរណ៍. មានបីតិបាមោជ្ជពន់ពេក (មានបីតិរីករាយពន់ពេក)។

ល្ខោនបាមោជ្ជទ័យ ឬល្ខោនកម្សាន្តចិត្តនេះ គឺពិតជាបានកើតឡើងនៅកម្ពុជាដោយយកលំនាំពីល្ខោនច្រៀងបច្ចឹមប្រទេសអូប៉េរ៉េត (OPERETTE)​ ពិសេសប្រទេសបារាំងដែលជាប្រទេសធ្វើអាណានិគមលើប្រទេសកម្ពុជាតែម្តង៕

Share.