បាត់ដំបង៖ កម្ពុជា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ បានសម្តែងការពេញចិត្តចំពោះលទ្ធផលវិជ្ជមាននៃកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) ដែលកំពុងជួយអតីតពលករខ្មែរពីប្រទេសថៃ បំប្លែងបទពិសោធការងារជាច្រើនឆ្នាំ ទៅជាវិញ្ញាបនបត្រផ្លូវការ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូល។




ក្នុងដំណើរចុះពិនិត្យការអនុវត្តកម្មវិធី RPL នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយតំណាងអង្គការសហប្រជាជាតិ អង្គការ ILO និងដៃគូពាក់ព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តកម្មវិធីនេះ។
កម្មវិធី RPL ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការទទួលស្គាល់សមត្ថភាព និងជំនាញជាក់ស្តែងរបស់ពលករ ដែលធ្លាប់បំពេញការងារនៅក្រៅប្រទេស ប៉ុន្តែមិនធ្លាប់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពីមុនមក។




អតីតពលករជិត១០០នាក់ បានទទួលវិញ្ញាបនបត្រតាមរយៈកម្មវិធីនេះ ខណៈអ្នកទទួលផលមួយចំនួន បានចែករំលែកថា វិញ្ញាបនបត្រនេះ បានជួយពង្រឹងទំនុកចិត្តលើខ្លួនឯង និងធ្វើឱ្យពួកគាត់មានឱកាសទទួលបានការងារល្អ និងប្រាក់ឈ្នួលខ្ពស់ជាងមុន។
ឯកឧត្តម ហេង សួរ បានលើកឡើងថា ការទទួលស្គាល់ជំនាញពីបទពិសោធជាក់ស្តែង គឺជាការលើកតម្លៃដល់កម្លាំងពលកម្ម និងជំរុញឱ្យពលករកាន់តែមានទំនុកចិត្តក្នុងការប្រកបមុខរបរ ឬបង្កើតអាជីវកម្មដោយខ្លួនឯង។



ជាមួយគ្នានេះ ដៃគូអភិវឌ្ឍន៍អន្តរជាតិ ក៏បានបង្ហាញការគាំទ្របន្ត និងជឿជាក់ថា កម្មវិធី RPL នឹងក្លាយជាចំណែកសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពការងារសម្រាប់យុវជន និងអតីតពលករកម្ពុជានាពេលអនាគត៕

