នៅក្នុងព្រឹត្តិការណ៍ដង្ហែគោមឈូកព្រះពុទ្ធសាសនាដ៏ធំ «Lotus Lantern Festival 2026» ដែលបានធ្វើឡើងចំកណ្តាលទីក្រុងសេអ៊ូល ត្រូវបានយុវជនកម្ពុជាជាច្រើននាក់ដែលបានចូលរួម នាំគ្នាលើកយកសិល្បៈវប្បធម៌ និងអរិយធម៌ដ៏សំបូរបែបរបស់កម្ពុជា ដើរដង្ហែនិងបង្ហាញដើម្បីទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិរាប់សែននាក់។ សំណួរសួរថា តើនេះជាសញ្ញាអ្វីទៅ? ហើយហេតុអ្វីបានជាយុវជនខ្មែរព្យាយាមផ្សព្វផ្សាយពីវប្បធម៌ខ្មែរឱ្យភ្ញៀវអន្តរជាតិបានស្គាល់?

ព្រឹត្តការណ៍នេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូត ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ រៀបចំឡើងដោយគណៈកម្មាធិការអភិរក្សគោមឈូក សហការ​ជាមួយ​សាលាក្រុងសេអ៊ូល និងគណៈកម្មាធិការវត្តឆូកេសា ដោយមានអ្នកចូលរួមទស្សនាទាំងជនជាតិកូរ៉េ និងភ្ញៀវទេសចរបរទេសសរុបជាង ៥០ ម៉ឺននាក់ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ តាមបណ្តោយមហាវិថីធំៗក្នុងទីក្រុង។

អ្វីដែលជាទីមោទកភាពបំផុតនោះគឺ ក្បួនដង្ហែរបស់ប្រទេសកម្ពុជា ដែលដឹកនាំរៀបចំដោយព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ រួមជាមួយបងប្អូនសហគមន៍ខ្មែរនៅកូរ៉េ បានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ ក្នុងក្បួនដង្ហែដ៏វែងអន្លាយនោះ កម្ពុជាបានបង្ហាញនូវ គោមផ្ការំដួល តំណាងឱ្យអត្តសញ្ញាណផ្កាជាតិ និងផ្សារភ្ជាប់ជាមួយសីលធម៌ព្រះពុទ្ធសាសនា។

ក្នុងនោះក៏មានសិល្បៈទស្សនីយភាពដូចជា របាំល្ខោនខោល (បេតិកភណ្ឌពិភពលោក) ល្ខោនបាសាក់ និងរបាំល្ខោនស្បែក ការបង្ហាញសម្លៀកបំពាក់ព្រះមហាក្សត្រ និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ ដ៏មានតម្លៃ។ តាមរយៈការបង្ហាញនូវទម្រង់សិល្បៈចម្រុះ និងការរៀបចំប្រកបដោយភាពច្នៃប្រឌិត ក្បួនដង្ហែកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជនអន្តរជាតិ ចំពោះភាពស្រស់ស្អាត និងភាពរុងរឿងនៃវប្បធម៌ខ្មែរ។

តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏បានបង្ហាញពីការផ្ដល់ឱកាសពីសាធារណរដ្ឋកូរ៉េ និងទីលានដ៏ធំកណ្តាលរដ្ឋធានីឱ្យកម្ពុជាបង្ហាញសិល្បៈ គឺជាសញ្ញានៃ «ការផ្តល់តម្លៃ និងការយោគយល់គ្នាជាអន្តរជាតិ»។ វប្បធម៌បានក្លាយជាស្ពានចម្លងភាពស្និទ្ធស្នាលរវាងប្រជាជន និងប្រជាជន ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានដង្ហើមវែងឆ្ងាយ។

ព្រឹត្តិការណ៍ដែលធ្វើឱ្យកក្រើកទីក្រុងសេអ៊ូល ក្នុងពិធីបុណ្យ «Lotus Lantern Festival 2026» មិនមែនគ្រាន់តែជាការដើរដង្ហែក្បួនកម្សាន្តធម្មតានោះឡើយ ប៉ុន្តែវាគឺជាសញ្ញាណនៃភាពរស់រវើក និងភាពរុងរឿងនៃព្រលឹងជាតិខ្មែរ ដែលត្រូវបានដាស់ឱ្យភ្ញាក់ឡើងដោយដៃយុវជនជំនាន់ក្រោយ បោះជំហ៊ានផ្សព្វផ្សាយទៅដល់ទូទាំងពិភពលោកបានស្គាល់ដោយភាពស្មើមុខស្មើមាត់ផងដែរ។ ជាសារដាស់តឿនដល់កូនខ្មែរគ្រប់រូប សូមចាំថា៖ «កាលណាស្មារតីជាតិនិយម និងការទូតវប្បធម៌ដើរទន្ទឹមគ្នា នោះអត្តសញ្ញាណជាតិមានតែភាពរុងរឿង និងល្បីល្បាញសុះសាយភាយទូទាំងសកលលោក»៕

Share.