តាមក្រសួងការពារជាតិ និងក្រសួងព័ត៌មាន បានឱ្យដឹងថា កងទ័ពកម្ពុជា និងកងទ័ពឡាវ បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនទាំងពីរ ដោយមានគោលដៅធ្វើឱ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងនៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ ត្រូវបានអនុញ្ញាតដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ហើយធ្វើឡើងដោយផ្ទាល់រវាងគណៈប្រតិភូទាំងពីរ។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការចម្រុះ ឯកឧត្តម វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការភាគីឡាវ។

ផ្អែកតាមរបាយការណ៍ប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ពង្រឹងសន្តិសុខព្រំដែន ៖ បន្តការពារ និងរក្សាសន្តិសុខតាមបណ្តោយព្រំដែន ចៀសវាងការប៉ះទង្គិចគ្នាដោយអាវុធ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
២.ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ៖ ជំរុញកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសជាច្រើនប្រភេទ រួមមាន៖ អំពើភេរវកម្ម ការជួញដូរមនុស្ស គ្រឿងញៀន អាវុធយុទ្ធភណ្ឌ វត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា (Online Scams) ទំនិញគេចពន្ធ ការរុករកធនធានធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា។
៣.ការទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន ៖ ឱ្យកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនងការងារ ជួបប្រជុំ និងផ្លាស់ប្តូរព័ត៌មានជាប្រចាំ ដើម្បីដោះស្រាយបញ្ហាសន្តិសុខតាមបណ្តោយព្រំដែនដោយសន្តិវិធី។
៤.ទប់ស្កាត់ការប្រើប្រាស់ដ្រូន ៖ ត្រូវមានវិធានការការពារ និងទប់ស្កាត់ការបង្ហោះដ្រូន ដោយមិនត្រូវរំលោភដែនអធិបតេយ្យភាពនៃប្រទេសទាំងពីរ ជាពិសេសនៅតំបន់ព្រំដែនដែលមិនទាន់មានកិច្ចព្រមព្រៀងខ័ណ្ឌសីមា។
៥.កិច្ចប្រជុំប្រចាំឆ្នាំ ៖ បន្តរៀបចំកិច្ចប្រជុំមួយដងក្នុងមួយឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ រវាងអង្គភាពយោធានៃខេត្តនានា រួមមាន៖ កងពលតូចអន្តរាគមន៍លេខ៩ (កម្ពុជា) ជាមួយកងពលថ្មើរជើងទី៥ (ឡាវ) ព្រមទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្ទឹងត្រែង និងរតនគិរី ជាមួយបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ និងខេត្តអាត់តាក់ពើ (ឡាវ)។
៦.ការអប់រំ និងពង្រឹងមិត្តភាព ៖ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអប់រំប្រជាពលរដ្ឋតាមបណ្តោយព្រំដែនឱ្យយល់ច្បាប់ ជៀសវាងការប្រព្រឹត្តបទល្មើស និងបង្កើតកម្មវិធីសិល្បៈ វប្បធម៌ កីឡា ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពជាអ្នកភូមិផងរបងតែមួយ។
៧.គោរពអធិបតេយ្យភាព ៖ រក្សាគោលការណ៍សន្តិភាព មិត្តភាព និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៥ នឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយពេលវេលា និងទីកន្លែងនឹងជូនដំណឹងជូនពេលក្រោយតាមរយៈការិយាល័យអនុព័ន្ធយោធានៃប្រទេសទាំងពីរ៕

