ហូជីមិញ៖ អាជ្ញាធរទីក្រុងហូជីមិញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដោយបានដកហូត និងកម្ទេចចោលនូវសាច់ជ្រូក សាច់បក្សី និងផលិតផលសត្វផ្សេងៗទៀត ដែលគ្មានលិខិតបញ្ជាក់ការត្រួតពិនិត្យអនាម័យសរុបជាង ៨,០០០គីឡូក្រាម។ យុទ្ធនាការក្តៅនេះបានលាតត្រដាងពីការរំលោភច្បាប់សុវត្ថិភាពចំណីអាហារដែលកើតឡើងដដែលៗ នៅតាមច្រកចូលសំខាន់ៗរបស់ទីក្រុង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

មន្ត្រីជំនាញបានបញ្ជាក់កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងទៅនេះថា ក្រុមអធិការកិច្ចបានរកឃើញការដឹកជញ្ជូនសាច់ និងសត្វរស់ខុសច្បាប់ស្ទើរតែរាល់សប្តាហ៍ ដែលនេះកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាលនៃជំងឺសត្វ និងការហូរចូលនៃចំណីអាហារមិនមានសុវត្ថិភាព មកកាន់ទីផ្សារប្រើប្រាស់ដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម។
យោងតាមអនុនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វនៃទីក្រុងហូជីមិញ កងកម្លាំងចម្រុះបានចុះត្រួតពិនិត្យចំនួន ២៥លើក ចាប់តាំងពីខែមីនាមក នៅតាមបណ្តោយផ្លូវជាតិ និងផ្លូវព្រំប្រទល់នានាដែលឆ្ពោះមកកាន់ទីក្រុង។ ជាលទ្ធផល គេបានរកឃើញការបំពានច្បាប់ចំនួន ១៨ករណី ដែលទាក់ទងនឹងការដឹកជញ្ជូនសត្វដោយគ្មានឯកសារចត្តាឡីស័ក, ផលិតផលសាច់មិនមានប្រភពច្បាស់លាស់ និងសកម្មភាពពិឃាតសត្វខុសច្បាប់។

អាជ្ញាធរបានឱ្យដឹងថា ទំនិញដែលត្រូវបានដកហូតយកទៅដុតកម្ទេចចោលនោះ រួមមានសាច់ជ្រូក សាច់មាន់ សាច់ឆ្កែ សាច់ឆ្មា និងគ្រឿងក្នុងសត្វ ដែលមិនឆ្លងកាត់ការត្រួតពិនិត្យស្តង់ដារអនាម័យបសុព្យាបាលឡើយ។
នៅក្នុងការចុះត្រួតពិនិត្យចុងក្រោយកាលពីថ្ងៃទី ១៤ និង ១៥ ខែឧសភា កាលពីពេលថ្មីៗ ដោយចំណាយពេលតែ ២ថ្ងៃប៉ុណ្ណោះ អាជ្ញាធរបានស្ទាក់ចាប់បានសាច់ជ្រូក សាច់បក្សី និងគ្រឿងក្នុងមាន់អត់ច្បាប់ជិត ៧,០០០គីឡូក្រាម ដែលត្រៀមយកមកចែកចាយនៅលើទីផ្សារក្នុងឃុំ Tru Van Tho ក្រុមអធិការកិច្ចបានឃាត់រថយន្តដឹកជញ្ជូនចំនួន ៤គ្រឿង ដែលផ្ទុកមាន់ និងទារស់ជាង ១,៨៦០ក្បាល (ទម្ងន់ប្រហែល ៥,៥០០ គីឡូក្រាម) ដោយគ្មានលិខិតបញ្ជាក់អនាម័យ ឬឯកសារបញ្ជាក់ពីប្រភពដើមឡើយ។ រួមទាំងនៅលើផ្លូវជាតិលេខ ១ និងមហាវិថី Nguyen Van Linh ប៉ូលីសចរាចរណ៍បានរកឃើញរថយន្តដឹកទំនិញ ២គ្រឿង ដឹកគ្រឿងក្នុងមាន់ជិត ១៩០គីឡូក្រាម និងសាច់ជ្រូកជិត ៥០០គីឡូក្រាម នាំចូលពីខេត្តក្បែរខាង ដោយគ្មានឯកសារបសុព្យាបាលដូចគ្នា និងទីតាំងពិឃាតសត្វខុសច្បាប់ នៅព្រឹកព្រលឹមថ្ងៃទី ១៥ ខែឧសភា ក្រុមការងារបានឆ្មក់ចូលទីតាំងសម្លាប់ជ្រូកខុសច្បាប់មួយកន្លែងនៅតាមបណ្តោយព្រែក Rong Tung ក្នុងខណ្ឌ Thoi An។ ទីនោះកំពុងធ្វើអាជីវកម្មសម្លាប់ជ្រូកចំនួន ៤ក្បាល (ទម្ងន់ប្រហែល ៥០០គីឡូក្រាម) ដោយគ្មានអាជ្ញាប័ណ្ណ។ អាជ្ញាធរគូសបញ្ជាក់ថា ទីតាំងបណ្តោះអាសន្ននេះខ្វះអនាម័យបសុព្យាបាលជាមូលដ្ឋានបំផុត និងបង្កហានិភ័យខ្ពស់ដល់ការគ្រប់គ្រងជំងឺឆ្លង។


ទាក់ទិននឹងបញ្ហានេះ ប្រធាននាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វនៃទីក្រុងហូជីមិញ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះទំហំ និងភាពញឹកញាប់នៃបទល្មើសទាំងនេះ។ លោកបានថ្លែងថា «ការដឹកជញ្ជូនសាច់ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបែបនេះ គឺជាការគំរាមកំហែងផ្ទាល់ដល់សុខភាពអ្នកប្រើប្រាស់ និងងាយបង្កឱ្យមានការឆ្លងរីករាលដាលនៃជំងឺសត្វក្នុងកម្រិតធ្ងន់ធ្ងរ» ដើម្បីទប់ស្កាត់លំហូរនៃផលិតផលសត្វមិនមានសុវត្ថិភាពកុំឱ្យចូលមកក្នុងទីផ្សារបានបន្តទៀត លោកបានបញ្ជាក់ថា ក្រុមការងារចម្រុះនឹងបន្តបង្កើនការចុះពិនិត្យភ្លាមៗដោយមិនជូនដំណឹងមុន នៅតាមច្រកទ្វារសំខាន់ៗ តាមតំបន់ព្រំប្រទល់ខេត្ត និងជាពិសេសគឺតាមដងផ្លូវដឹកជញ្ជូននាពេលរាត្រីតែម្ដង៕

