តាមរយៈខ្លឹមសារនៃជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រមុខការទូតកម្ពុជា-សិង្ហបុរី បានប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើឆបោកតាមបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងរបស់ឯកអគ្គរដ្ឋទូត ព្រមទាំងបានធានាផ្តល់ការគាំទ្រ និងសហការយ៉ាងពេញលេញ ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តម។ ជាការឆ្លើយតប ឯកឧត្តម ប៉ាង ឈីវី បានថ្លែងអំណរគុណ និងប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សិង្ហបុរី ដោយបានកត់សម្គាល់ពីការតភ្ជាប់ផ្លូវអាកាសដ៏ល្អប្រសើរ ដែលមានជើងហោះហើរចំនួន ៤២ ជើងក្នុងមួយសប្តាហ៍ ដែលជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន។ ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង កាលពីខែមេសា ឆ្នាំ២០២៦ ដែលនឹងជួយពង្រឹងការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសផ្លែឈើ និងបន្លែ ទៅកាន់ទីផ្សារសិង្ហបុរី។
ជាងនេះទៀត ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយផ្តោតជាសំខាន់លើការទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា រួមទាំងការអនុម័តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ លើសពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីបច្ចុប្បន្នភាពជាក់ស្តែងផងដែរ។
សូមជម្រាបថា កិច្ចជួបពិភាក្សានាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍រួម សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

