កណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីកើតមានជម្លោះក្នុងវង់ផឹកស៊ី ហើយត្រូវភាគីម្ខាងទាញកាំបិតប៉័ងតោអារក បង្កការភ្ញាក់ផ្អើលនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥៖៤៥នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជនរងគ្រោះឈ្មោះ ស៊ ស៊ីម អាយុ៤៤ឆ្នាំ មុខរបរកសិករ ចំណែកជនសង្ស័យឈ្មោះ ឈឿង ឆន អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាជាច្រើនកន្លែងតាំងពីថ្ងៃត្រង់ រហូតដល់ល្ងាច ក៏អង្គុយផឹកជុំគ្នាជាមួយជនរងគ្រោះ និងអ្នកភូមិផ្សេងទៀត។ ក្នុងពេលផឹកស៊ី ជនសង្ស័យបាននិយាយលេងអំពីនារីម្នាក់ ធ្វើឱ្យជនរងគ្រោះតបទៅវិញក្នុងន័យឌឺដង បង្កឱ្យមានការខឹងសម្បារ។

ក្រោយមក ជនរងគ្រោះបានទៅយកដំបងមកវាយក្បាលជនសង្ស័យពីក្រោយ បណ្តាលឱ្យបែកក្បាលហូរឈាម។ ភ្លាមនោះ ជនសង្ស័យបានរត់ទៅយកកាំបិតប៉័ងតោ មកអារកជនរងគ្រោះមួយកាំបិត បណ្តាលឱ្យរយះក និងរងរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ និងអ្នកនៅកន្លែងកើតហេតុបានជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតកាំបិតប៉័ងតោមានប្រឡាក់ឈាម ១ដើម ជាវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទ÷កណ្តាល

Share.