គណៈកម្មាធិការវិនិយោគកម្ពុជា (CIB) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំយន្តការច្រកចេញចូលតែមួយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ៧ គម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត។

គម្រោងទាំង ៧ មានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៩០០ កន្លែង ដោយវិស័យនីមួយៗមានដូចជា៖

-វិស័យឧស្សាហកម្ម (២ គម្រោង)

-រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព

-ការសាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ

-វិស័យកសិ-ឧស្សាហកម្ម (១ គម្រោង)

-រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់ ប្រេងសណ្តែកសៀង ប្រេងពោត និងប្រេងអូលីវ)

-វិស័យហេដ្ឋារចនាសម្ព័ន្ធថាមពល (៤ គម្រោង)

-អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២០០ មេហ្គាវ៉ាត់

-អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០ មេហ្គាវ៉ាត់

-អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល (Battery Energy Storage System) អានុភាព ៥០០ មេហ្គាវ៉ាត់

-អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់

ដោយឡែក គម្រោងវិនិយោគទាំងអស់នេះ គ្រោងបោះទីតាំងនៅតាមបណ្តាខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង និងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ការពិនិត្យសំណើគម្រោងវិនិយោគទាំងនេះ ឆ្លុះបញ្ចាំងពីការបន្តជំរុញបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងចីរភាពរបស់កម្ពុជា៕

Share.