តាមក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានបង្កើតមោទនភាពជាតិដ៏អស្ចារ្យមួយទៀតហើយនៅ​លើឆាកអន្តរជាតិ ខណៈដែលប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ត្រូវបានចំណាត់ថ្នាក់ជា តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដ៏ស្រស់ស្អាតបំផុតលំដាប់ទី ២ នៅក្នុងតំបន់អាស៊ី។

យោងតាមប្រភពផ្លូវការ និងផ្ទាំងផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ឬ Cambodia Kingdom of Wonder បានបង្ហាញឱ្យឃើញថា នៅក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាតបំផុតទាំង ១០ របស់អាស៊ី ប្រាសាទអង្គរវត្តរបស់កម្ពុជា ឈរនៅលំដាប់ថ្នាក់លេខ ២ បន្ទាប់ពីប្រាសាទតាជម៉ាហាល Taj Mahal ប្រទេសឥណ្ឌា ដែលស្ថិតនៅលំដាប់ថ្នាក់លេខ ១។

បញ្ជីឈ្មោះតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ ស្អាតបំផុតទាំង ១០ នៅអាស៊ី រួមមាន៖

១. ប្រាសាទតាជម៉ាហាល (Taj Mahal) ប្រទេសឥណ្ឌា

២. ប្រាសាទអង្គរវត្ត (Angkor Wat) ប្រទេសកម្ពុជា

៣. មហាកំពែងចិន (Great Wall of China) ប្រទេសចិន

៤. ប្រាសាទបូរ៉ូបុឌូ (Borobudur Temple) ប្រទេសឥណ្ឌូនេស៊ី

៥. ឆ្នេរសមុទ្រហាឡុង (Ha Long Bay) ប្រទេសវៀតណាម

៦. តំបន់ប្រាសាទនិងទីសក្ការៈប្រវត្តិសាស្ត្រក្យូតូ (Kyoto Historic Temples & Shrines) ប្រទេសជប៉ុន

៧. វាលស្រែជណ្តើរ បាណាវ៉េ (Banaue Rice Terraces) ប្រទេសហ្វីលីពីន

៨. តំបន់បុរាណវត្ថុវិទ្យាបាកាន (Bagan Archaeological Zone) ប្រទេសមីយ៉ាន់ម៉ា

៩. ជ្រលងភ្នំកាត់ម៉ាន់ឌូ (Kathmandu Valley) ប្រទេសនេប៉ាល់

១០. បន្ទាយថ្មភ្នំសីហគិរី (Sigiriya Rock Fortress) ប្រទេសស្រីលង្ការ

ការទទួលបានចំណាត់ថ្នាក់ដ៏ខ្ពស់នេះ មិនត្រឹមតែបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្ម និងដួងព្រលឹងសិល្បៈបុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

យុទ្ធនាការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា ទាំងនេះជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់អាស៊ី ដែលអ្នកធ្វើដំណើរគ្រប់រូបគួរតែមកកម្សាន្តនិងទស្សនាឃើញផ្ទាល់ភ្នែកនូវប្រាងប្រាសាទបុរាណខ្មែរយ៉ាងហោចណាស់ឱ្យបានម្តងក្នុងជីវិត។

តាមរយៈព្រឹត្តិការណ៍នេះបានធ្វើឱ្យមហាជន និងអ្នកលេងបណ្តាញសង្គមក្នុងស្រុកសម្តែងនូវក្តីរំភើបរីករាយ និងមោទកភាពជាខ្លាំង ចំពោះរតនសម្បត្តិដូនតាខ្មែរ ដែលនៅតែបន្តជះពន្លឺ និងមានឥទ្ធិពលលើសកលលោកឥតឈប់ឈរ៕

Share.