ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នេះបានជម្រាបជូនបងប្អូនជនរួមជាតិឡើងវិញអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកំពុងបន្តអនុវត្ត ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិបន្តឡើងថ្លៃខ្ពស់ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចអនុវត្តវិធានការសំខាន់ៗជាបន្តបន្ទាប់ រួមមាន៖

១. ការបញ្ចុះតម្លៃផ្ទាល់៖
-បន្តបញ្ចុះថ្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ
-បន្តបញ្ចុះបន្ថែម ១ សេនដុល្លារ ក្នុងមួយលីត្រ ដោយសារតម្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតឡើងលើសពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល។

២. ការបញ្ចុះពន្ធដើម្បីទប់ទល់នឹងការឡើងថ្លៃ៖
ដោយសារតែតម្លៃប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងកំពុងកើនឡើងខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចបន្ថែមដូចខាងក្រោម៖
-បញ្ចុះពន្ធគយមកត្រឹម ០ (សូន្យ) ដុល្លារ
-បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកត្រឹម ០ (សូន្យ) ដុល្លារ
-បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មកត្រឹម ១៥% និងលើប្រេងម៉ាស៊ូតពី ៤% មកត្រឹម ០%
-បញ្ចុះអាករលើតម្លៃបន្ថែម (VAT) លើប្រេងសាំងពី ១០% មកត្រឹម ៤% និងលើប្រេងម៉ាស៊ូតពី ១០% មកត្រឹម ០%

៣. ការឧបត្ថម្ភថវិការដ្ឋ៖
-ក្នុងការអនុវត្តវិធានការនេះ រាជរដ្ឋាភិបាលបានទទួលបន្ទុកជំនួសអាករលើតម្លៃបន្ថែមសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត ដើម្បីបន្ធូរបន្ថយបន្ទុកចំណាយជូនប្រជាពលរដ្ឋ។

សូមជម្រាបថា វិធានការទាំងអស់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ចាប់តាំងពីតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ ក្នុងគោលបំណងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស៕

Share.