បាងកក៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃបានចេញវីដេអូព្រមានជាបន្ទាន់កាលពីថ្ងៃទី ១៧ ឧសភា ដោយបង្ខំចិត្តសុំកុំឱ្យអ្នកដំណើរជឿលើការផ្សព្វផ្សាយថា មានសេវាសម្រួលបែបបទអន្តោប្រវេសន៍រហ័ស ឬ Fast Track ដោយគ្រាន់តែបង់លុយ តាមរយៈកម្មវិធី Trip.com នៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ។ ករណីនេះបានដុតបញ្ឆេះការរិះគន់ជាថ្មីពីសំណាក់មហាជនជុំវិញប្រព័ន្ធគ្រប់គ្រងដដែលៗ និងរូបភាពមិនតម្លាភាពរបស់មន្ត្រីព្រំដែនថៃ។

ការចេញមុខបដិសេធទាំងតក់ក្រហល់នេះ បានកើតឡើងបន្ទាប់ពីមានទេសចរជនជាតិចិនម្នាក់ បានបង្ហោះព័ត៌មានថា ខ្លួនអាចទិញសេវា «ផ្លូវកាត់» នេះបានក្នុងតម្លៃ ៦៥០យន់ (ប្រហែល ៩០ដុល្លារអាមេរិក) នៅលើ App ផ្សព្វផ្សាយទេសចរណ៍ ដោយមានការអះអាងថា អាចជួយឱ្យអ្នកដំណើរឆ្លងកាត់ប៉ុស្តិ៍ឆែកឆេរអន្តោប្រវេសន៍បានក្នុងល្បឿនលឿនដូចហោះ ពោលគឺ ចំណាយពេលត្រឹមតែ «១នាទី» ប៉ុណ្ណោះ។ ការបង្ហោះនេះបានធ្វើឱ្យពិភពលោកយល់ច្រឡំថា វាជាសេវាកម្មផ្លូវការដែលបើកដៃ និងរៀបចំឡើងដោយអាជ្ញាធរអន្តោប្រវេសន៍ថៃផ្ទាល់។

ទោះបីជាការិយាល័យអន្តោប្រវេសន៍ថៃចេញមុខមកអះអាងយ៉ាងដាច់អហង្ការថា សេវាកម្មបែបនេះមិនមានអត្ថិភាព ហើយក៏មិនដែលផ្តល់ជូនដោយការិយាល័យអន្តោប្រវេសន៍ឡើយ ព្រមទាំងព្រមានថា វាអាចជាការបោកប្រាស់ ឬលួចទិន្នន័យផ្ទាល់ខ្លួនក៏ដោយ ក៏ព័ត៌មាននេះបានបង្កជាការសង្ស័យយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ មហាជនបានរំលឹកថា វិស័យទេសចរណ៍ថៃតែងតែរងគ្រោះដោយសារព័ត៌មានអាស្រូវរឿងមន្ត្រីអន្តោប្រវេសន៍លួចបើក «គន្លងផ្លូវងងឹត» យកលុយក្រៅផ្លូវការជាហូរហែរនាពេលកន្លងមក ដូច្នេះហើយទើបធ្វើឱ្យជនខិលខូចអាចយកចំណុចខ្សោយនេះ មកធ្វើជាអាជីវកម្មបោកប្រាស់ទេសចរណ៍បានយ៉ាងងាយ។

យ៉ាងណាម៉ិញ មិនមែនតែនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិទេ អាកាសយានដ្ឋានក្នុងខេត្តភូកេត ក៏រងការចោទប្រកាន់រឿងតម្រូវឱ្យបង់ប្រាក់ ២០០បាត ដើម្បីទទួលបានសេវាកម្មពិសេសដែរ។ យោងតាមអត្ថបទព័ត៌មានពីប្រភព TravelNews បានគូសបញ្ជាក់ថា ករណីនេះកំពុងបង្កើតឱ្យមានការយល់ច្រឡំជាអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធច្បាប់ និងអន្តោប្រវេសន៍របស់ថៃ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នេះមិនមែនជាលើកទីមួយទេ ដែលព្រលានយន្តហោះលំដាប់អន្តរជាតិរបស់ថៃរងការចោទប្រកាន់បែបនេះ។

ករណីនៅភូកេត កាលពីចុងខែមីនា កន្លងទៅប៉ូលីសអន្តោប្រវេសន៍ថៃក៏ធ្លាប់បានចេញមុខបដិសេធម្តងរួចមកហើយ ជុំវិញការចោទប្រកាន់ថា ព្រលានយន្តហោះអន្តរជាតិភូកេត បានបើកគន្លងផ្លូវពិសេសសម្រាប់អ្នកដំណើរណាដែលព្រមបង់លុយ ២០០បាត។ កាលនោះ លោកស្រីវរសេនីយ៍ឯក Phongthon Phongrattanant អ្នកនាំពាក្យកងពលតម្រួតអន្តោប្រវេសន៍ទី២ បានចេញមុខបកស្រាយថា ជួររង់ចាំដ៏វែងអន្លាយកាលនោះ គឺបណ្តាលមកពីប្រព័ន្ធកុំព្យូទ័រគាំង (System slowdown) ស្របពេលជើងហោះហើរណែនណាន់តាប់តាំង មិនមែនមកពីការទារលុយ ២០០បាតដើម្បីសេវាលឿននោះទេ។ ពេលនោះ ប៉ូលីសត្រូវបង្ខំចិត្តប្តូរទៅប្រើប្រព័ន្ធ Offline និងកាត់បន្ថយដំណាក់កាលឆែកឆេរខ្លះ ដើម្បីសម្រាលបន្ទុកអ្នកដំណើរ។

ថ្វីបើអាជ្ញាធរថៃចេញមុខមកបកស្រាយថាវាជា «ប្រព័ន្ធគាំង» ឬជា «ការបោកប្រាស់ពីជនទីបី» យ៉ាងណាក៏ដោយ ក៏ស្រមោលខ្មៅនៃប្រព័ន្ធគ្រប់គ្រងខ្វះតម្លាភាពនៅតាមច្រកទ្វារអន្តរជាតិរបស់ប្រទេសថៃ នៅតែជាចំណុចរសើប និងជាប្រធានបទរិះគន់យ៉ាងចាស់ដៃពីសំណាក់ទេសចរបរទេស។ អ្នកជំនាញទេសចរណ៍បានមើលឃើញថា ដរាបណាប្រព័ន្ធឆែកឆេររបស់ថៃនៅតែមានភាពយឺតយ៉ាវ និងងាយរងការរិះគន់ ដរាបនោះព័ត៌មានអាស្រូវរឿងសេវា «Fast Track ផ្លូវងងឹត» នឹងនៅតែបន្តលេចឡើងបំផ្លាញទំនុកចិត្តទេសចរណ៍ជាក់ជាមិនខាន៕

ប្រភព៖ The Thaiger

Share.