ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីសម្រាប់សាងសង់ផ្ទះថ្មី ជូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ បន្ថែមទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោអធិបតីថ្លុកព្រីង ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការត្រួតពិនិត្យទីតាំងនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម រួមជាមួយអាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះនិងផ្ដល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ បានចំនួន ២០៦គ្រួសាររួចមកហើយ ដោយក្នុងនោះមាន ១៤១ គ្រួសារ ទទួលបានដីក្នុងមួយគ្រួសារមួយហិកតាកន្លះ ក្នុងមួយគ្រួសារ ហើយបងប្អូនបានរស់នៅអស់រយៈពេល ៥ ឆ្នាំមកហើយ ។ ដោយឡែក ៦៥ គ្រួសារទៀត ទទួលបានដីក្នុងមួយគ្រួសារ មួយហិកតា ហើយបានមករស់នៅលើទីតាំងនេះជិតមួយឆ្នាំមកហើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា៖ ថ្ងៃនេះ ដើម្បីដោះស្រាយជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ចំនួន ៣៥ គ្រួសារទៀត នៅខេត្តកំពង់ធំ សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិ គន់ គីម ដើម្បីសហការជាមួយអាជ្ញាធរដែនដី ត្រៀមរៀបចំចាត់ចែងដំណើរការសាងសង់ផ្ទះថ្មី និងរៀបចំដីសម្បទានសង្គមកិច្ចនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជននេះ ជូនពួកគាត់បន្ថែមទៀត ដើម្បីបានរស់នៅសមរម្យក្នុងការកសាងជីវភាពថ្មី។





