ត្បូងឃ្មុំ៖ ក្នុងស្មារតីចូលរួមការងារមនុស្សធម៌ និងសង្គម ព្រះសមាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ រួមជាមួយព្រះអនុគណក្រុង-ស្រុក និងព្រះមន្ត្រីសង្ឃទូទាំងខេត្ត បាននិមន្តនាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។

ពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ក្រោមការទទួលស្វាគមន៍ពី ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រី និងសមាជិកសាខា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណចំពោះព្រះសង្ឃគ្រប់អង្គ ដែលបានបន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ និងរួមចំណែកជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងខ្វះខាតនៅក្នុងខេត្ត។

អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមខេត្ត រួមមានថវិកា ៥លានរៀល អង្ករ ១,៥៨០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងសម្ភារប្រើប្រាស់ជាច្រើនទៀត ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ស្របតាមបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕

អត្ថបទ÷អាចារ្យលាក់

Share.