កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានព្រមានជាលើកទី៣ ជំរុញឱ្យអាជីវករ និងប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់រឹង ដាក់តូបលក់ដូរ ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត នៅលើដីចំណីផ្លូវសាធារណៈ ត្រូវរុះរើចេញដោយស្ម័គ្រចិត្តក្នុងរយៈពេល ២សប្តាហ៍។

រដ្ឋបាលខេត្តបានបញ្ជាក់ថា បើទោះបីបានចេញសេចក្តីជូនដំណឹងលើកទី១ និងលើកទី២រួចមកហើយក្តី ក៏នៅតែមានការរំលោភលើដីចំណីផ្លូវ តាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត និងតំបន់ទីប្រជុំជននានា ដែលបង្កឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងរាំងស្ទះដល់គម្រោងអភិវឌ្ឍន៍នាពេលអនាគត។

អាជ្ញាធរខេត្តក៏បានលើកឡើងថា ការតាំងលក់ដូរ និងសំណង់ខុសច្បាប់ទាំងនេះ កំពុងបង្កការកកស្ទះចរាចរណ៍ រារាំងដល់ប្រតិបត្តិការសង្គ្រោះបន្ទាន់ និងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកធ្វើដំណើរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល បានព្រមានថា ក្នុងករណីម្ចាស់សំណង់ ឬអាជីវករ មិនព្រមសហការរុះរើដោយស្ម័គ្រចិត្តទេ អាជ្ញាធរនឹងចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយផ្ទាល់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិនោះឡើយ។

Share.