រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រមានចំៗថា ការកើនឡើងនៃព័ត៌មានក្លែងក្លាយជិត ៤,០០០ករណីនៅកម្ពុជា គឺជា «សង្គ្រាមចិត្តសាស្ត្រ» យុទ្ធសាស្ត្រចាក់ស្រោចព័ត៌មានបំពុលពីភាគីថៃ ក្នុងឱកាសដែលក្រសួងបើកយុទ្ធនាការជាតិជំហានទី២ ដើម្បីពង្រឹងខែលការពារអក្ខរកម្មព័ត៌មានដល់ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១៨ ខែក្បសភាម្សិលមិញនេះ។

យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋក្នុងការផ្ទៀងផ្ទាត់ និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសង្គមឌីជីថល។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការនេះ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីការវិវត្តគួរឱ្យកត់សម្គាល់នៃស្ថានភាពព័ត៌មាននៅកម្ពុជា ដោយក្នុងនោះតួលេខនៃព័ត៌មានក្លែងក្លាយដែលក្រសួងបានកត់សម្គាល់ឃើញ បានបន្តកើនឡើងពីជាង ៣,៦០០ ព័ត៌មាន នៅក្នុងឆ្នាំ២០២៤ រហូតដល់ជិត ៤,០០០ ព័ត៌មាន នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។

មានមូលហេតុធំៗចំនួន២ ដែលនាំឲ្យព័ត៌មានក្លែងក្លាយកើនឡើង។ មូលហេតុទីមួយ៖ ដោយសារថៃបានធ្វើការវាយប្រហារឈ្លានពានមកលើកម្ពុជា ម្ល៉ោះហើយភាគីថៃបានចាក់ស្រោចព័ត៌មានក្លែងក្លាយយ៉ាងច្រើនទៅលើបណ្ដាញផ្សព្វផ្សាយ ក្នុងគោលបំណងរំខាន និងបំពុលបរិយាកាសព័ត៌មាន។ ចំណែកឯមូលហេតុទីពីរ គឺព័ត៌មានក្លែងក្លាយដែលភាគីថៃបានបង្កើឡើង ត្រូវបានចែករំលែក ផ្សព្វផ្សាយបន្ត ឬច្នៃបន្ថែមដើម្បីជួយបន្ទរ ក្នុងគោលបំណងបង្កភាពចលាចលក្នុងសង្គម។ នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី។

ជាមួយគ្នានេះ អ្នកមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គមមួយចំនួន បានដកស្រង់ ឬបកប្រែព័ត៌មាន ដែលភាគីថៃទៅផ្សាយបន្ត ដោយមិនបានស្រាវជ្រាវរកប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់ឲ្យហ្មត់ចត់ និងមិនបានពិចារណាល្អត់ល្អន់អំពីផលប៉ះពាល់ ដែលបានធ្វើឲ្យចំនួនព័ត៌មានក្លែងក្លាយកើនឡើង។ ឯកឧត្តមក្រើនរំឭកថា នេះជាសង្គ្រាមចិត្តសាស្ត្រដែលភាគីម្ខាងទៀត វាយប្រហារមកលើកម្ពុជា ក្នុងគោលបំណងបំបាក់ទឹកចិត្ត និងបង្កភាពចលាចលផ្ទៃក្នុង។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញនូវចំណុចវិជ្ជមានស្របគ្នានឹងការកើនឡើងនៃលំហូរព័ត៌មានមិនពិតនេះដែរ ដោយសារតែចំណេះដឹង និងការយល់ដឹងក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើននិងកើនឡើងជាងមុន។ ការដាក់ចេញនូវយុទ្ធនាការជំហានទី២ នាពេលនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបន្តពង្រឹងសុវត្ថិភាពព័ត៌មាន និងបង្កើតបរិយាកាសប្រព័ន្ធផ្សព្វផ្សាយមួយដ៏ស្អាតស្អំ ដែលអនុញ្ញាតឱ្យសាធារណជនមានខែលការពារខ្លួនកាន់តែរឹងមាំក្នុងការវិភាគ វាយតម្លៃ និងបដិសេធរាល់ព័ត៌មានបំពុលទាំងឡាយ ដែលមានចេតនាបង្កចលាចល និងប៉ះពាល់ដល់សន្តិសុខសង្គម៕

Share.